ភ្នំពេញ៖ ជប៉ុននឹងចុះហត្ថលេខាជា មួយកម្ពុជា និងឡាវ នៅសប្ដាហ៍នេះ ដើម្បីបើកផ្លូវអាកាសឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុនធ្វើការហោះហើរផ្ទាល់រវាងជប៉ុន និងប្រទេសទាំងពីរនៅអាស៊ីអាគ្នេយ៍។
នៅក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ដ្រីការបរទេសជប៉ុនលោក Kazuyuki Nakane មកកម្ពុជា និងឡាវ ត្រូវគេដឹងថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការលើកកម្ពស់ការផ្លាស់ប្ដូរបទពិសោធន៍នៃប្រទេសទាំងបី ក្រោយពីជប៉ុនបានបណ្ដាក់ទុននៅកម្ពុជា និងឡាវ បានកើនឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរកត់សម្គាល់ថា ជប៉ុនចង់បង្កើនទំនាក់ទំនងជាមួយនឹងក្រុមប្រទេសអាស៊ាន ហើយក៏បានសន្យាពង្រីកសកម្មភាពដើម្បីការអភិវឌ្ឍឆ្ពោះទៅសម្រេចបាន គោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
បណ្ដាក់ទុនរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដូចជាការធ្វើពាណិជ្ជកម្មបានកើនឡើងដល់១៧០ បើប្រៀប ធៀបនឹងឆ្នាំ២០០៩មានតែ៤០ក្រុមហ៊ុនប៉ុណ្ណោះ។
កាសែត ក្យូដូ ជប៉ុនបានរាយការណ៍ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនគឺមានចំនួនទេសចរជប៉ុនមកកម្ពុជាបានកើនឡើងជាង២សែន៦ពាន់នាក់នៅឆ្នាំ ២០១៣។ បើប្រៀបធៀបនឹងឆ្នាំ២០០៩ ដែលមានតែជាង១សែន៤ម៉ឺននាក់ប៉ុណ្ណោះ៕