ពេញ​១​ខែវិច្ឆិកា​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់មនុស្ស​១៥១​នាក់ របួស​៦០៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រយៈពេល​ពីថ្ងៃ​ទី​១​ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣៣៧​លើក និង​បានសម្លាប់​មនុស្ស​១៥១​នាក់ ខណៈ​មនុស្ស​៦០៩​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន ១២៣​លើក ស្រវឹង​២៦​លើក ប្រជែង​៣៨​លើក មិន​ប្រកាន់​ស្តាំ​៤៧​លើក បត់​គ្រោះថ្នាក់​៤៥ មិន​គោរព​សិទ្ធិ ៤៦​លើក និង​កត្តា​មួយចំនួនទៀត​។​
​ជាមួយគ្នានេះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែ​នេះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ៣៥០​គ្រឿង រថយន្ត​តូច​១២៩​គ្រឿង រថយន្ត​ធំ​៦៧​គ្រឿង និង​យាន​ផ្សេងៗ​១៨​គ្រឿង ខណៈ​ខេត្ត​-​រាជធានី​ដែលមាន​គ្រោះថ្នាក់​ច្រើនជាងគេ គឺ រាជធានី​ភ្នំពេញ ស្លាប់​២៧​នាក់ របួស​៥២​នាក់ បាត់ដំបង ស្លាប់​១៤​នាក់ របួស​២១​នាក់ កំពង់ធំ ស្លាប់​១១​នាក់ របួស​១៩​នាក់ ព្រៃវែង ស្លាប់​១០​នាក់ របួស​៦​នាក់ បន្ទាយមានជ័យ ស្លាប់​៩​នាក់ របួស​២៤​នាក់ កំពត ស្លាប់​៩​នាក់ របួស​៦៤​នាក់ តាកែវ ស្លាប់​៩​នាក់ របួស​១៧​នាក់ កណ្តាល ស្លាប់​៨​នាក់ របួស​៤៥​នាក់ និង​ខេត្តកំពង់ស្ពឺ ស្លាប់​៧​នាក់ របួស​៥៣​នាក់​៕

c84bef09-f35a-4b60-bb3f-3a70823ad3e0