ស៊ីរី៖ជនស៊ីវិលយ៉ាងហោចណាស់២១នាក់បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសមួយលើតំបន់ជនភៀសសឹករស់នៅមួយកន្លែងនៅភាគខាងកើតនៃទីក្រុងអាឡិបប៉ូដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរីកាលពីម្សិលមិញ។
ជាមួយគ្នានេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសស៊ីរីបាននិយាយថា ជនស៊ីវិលចំនួន៨នាក់ទៀតបានស្លាប់ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងទៅលើតំបន់ស្ថិតភាគខាងលិចនៃទីក្រុងអាឡិបប៉ូដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល។
ហើយកាលពីថ្ងៃអង្គារ ជនស៊ីវិលចំនួន២៥នាក់ក៏បានស្លាប់ដោយការវាយប្រហារតាមអាកាសផងដែរ ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់នៅភាគខាងកើតនៃទីក្រុងអាឡិបប៉ូបានភៀសខ្លួនទៅកាន់សង្កាត់ជូបអាល់ហ្គូបា និងសង្កាត់មួយចំនួនទៀតនៅពេលកងកម្លាំងរដ្ឋាភិបាលវាយសម្រុកទៅលើក្រុមឧទ្ទាម។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋរាប់ម៉ឺននាក់បាននាំគ្នារត់ភៀសសឹកនៅក្នុងទីក្រុងអាឡិបប៉ូនៅពេលកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីបានបន្តប្រតិបត្តិការវាយសម្រុកដើម្បីដណ្ដើមយកទីក្រុងនេះត្រឡប់មកពីក្រុមឧទ្ទាមវិញ៕