បាងកក៖សារព័ត៌មានថៃ The Nation បានចេញផ្សាយថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយល់ព្រមទទួលយកនូវការយាងឱ្យឡើងគ្រងរាជ្យតាមការស្នើរបស់សភាជាតិថៃជាផ្លូវការ ខណៈដែលពិធីរៀបអភិសេកជាផ្លូវការនឹងអាចប្រព្រឹត្តទៅបានរហូតទាល់តែព្រះរាជសពរបស់បិតា ទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវធ្វើពិធីបូជានៅឆ្នាំក្រោយសិន។
ព្រះបុត្រាស្នងរាជ្យនៃព្រះរាជាណាចក្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងជួបជាមួយប្រធានសភាថៃនាវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដោយទ្រង់បានទទួលយកជាផ្លូវការនូវការយាងឡើងគ្រង រាជ្យសម្បត្តិទៅតាមការសម្រេចរបស់អង្គសភាថៃ។ សម្រាប់ពិធីនៅល្ងាចនេះ ក៏មានវត្តមានផងដែរ ពីលោក ព្រេម ទិនស៊ូឡាណុន ជាមហាឧបរាជ និងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ព្រមទាំង លោក វីរៈពុល ទុងសុវ៉ាន់ ប្រធានតុលាការកំពូលចូលរួមចាត់ចែងកិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ ប្រធានរដ្ឋសភា លោក ផនពេច បានយាងព្រះអង្គដើម្បីប្រកាសពីការឡើងគ្រងរាជ្យសម្បត្តិ តែម្តង។
គួរបញ្ជាក់ថា ការព្រមទទួលយកការឡើងគ្រងរាជ្យរបស់ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន នេះមានន័យថា ទ្រង់បានក្លាយជា ព្រះមហាក្សត្រថៃទី១០ ឬគេស្គាល់ជាទូទៅថា ស្តេចរាមាទី១០ នៅក្នុងសម័យកាលចក្រី ដែលមានអាយុកាលជាង២០០ឆ្នាំមកនេះ៕