ខេត្តបាត់ដំបង៖កម្លាំងប៉ុស្ត៍នគរបាល ខណះដើរល្បាតខ្សែបន្ទាត់ព្រំដែនបានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់ដែលទាហានថៃយកមកបង្កៃនៅក្នុងចំការដំឡូងរបស់ប្រជាពលរដ្ឋខ្មែរ។
លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារឹទ្ធ នាយប៉ុស្ត៍នគរបាលរដ្ឋបាលអូរជ្រៃបានអោយដឹងថាះ ការប្រទះឃើញគ្រាប់ប្រភេទទឹកដោះគោ១គ្រាប់នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦ក្នុងចំនុចបង្គោលសីមាលេខ៥៩ឋិតនៅលើព្រំចំការដំឡូងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបងពេលដែលលោកបានដឹកនាំកម្លាំងចំនួន៩នាក់ដើរល្បាត និងពិនិត្យតាមខ្សែបន្ទាត់ព្រំដែន។
ពេលដែលលោកប្រទះឃើញភ្លាមលោកបានដឹកនាំកម្លាំងដាក់ហំពទ្ធ័ខ្សែហើយបានសុំគោលការណ៍ពីលោកមេបញ្ជាការដើម្បីមានវិធានការឬរង់ចាំជំនាញខាងស៊ីម៉ាកមកដោះយកទៅរក្សាទុក មិនយូរប៉ុន្មានលុះដល់ម៉ោង១០ និង៥០នាទីលេចមុខខាងទាហានឈុតខ្មៅក្នុងកងរយលេខ៥៤១ចំនួន២នាក់បានចេញមកដោះគ្រាប់នោះយកទៅវិញ ហើយបានសុំទោសដល់កងកម្លាំងប៉ុស្តិ៍អូរជ្រៃនិងកម្លាំងការពារព្រំដែនលេខ៥០៤ផងដែរចំពោះការដាក់គ្រាប់បែកនេះ ប៉ុន្តែមិនបញ្ជាក់អំពីគោលបំណងនៃការដាក់បង្កៃគ្រាប់នេះឡើយ។
លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារឹទ្ធ បានអោយដឹងបន្តរថាះ ក្រោយហេតុកើតឡើងពិសេសចំពោះការទទួលស្គាល់ដោយក្រុមទាហានឈុតខ្មៅថៃរួចមក ខាងភាគីកងកម្លាំងកម្ពុជាក៍បានសំណូមពរផងដែរដល់ភាគីថៃកុំប្រព្រឹត្តអំពើបែបនេះបន្តរទៀតព្រោះវានាំមកនូវមានការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ ម្យ៉ាងទៀតតំបន់ខាងលើនេះមិនធ្លាប់មានគ្រាប់មីនឬគ្រាប់បែកនៅរាយប៉ាយឡើយ៕