ខេត្តប៉ៃលិន៖ប្រជាពលរដ្ឋខេត្តប៉ៃលិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាប្រឈមនៃការបាត់បង់ធនធានរ៉ៃត្បូងដ៏មានតម្លៃ ដែលនៅសេសសល់តិចតួចក្នុងខេត្តជាប់ព្រំដែនមួយនេះ ខណដែលមន្ទីររ៉ែនិងថាមពលខេត្តបានសម្រុកចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនមួយធ្វើអាជីវកម្មរ៉ែត្បូងយ៉ាងពេញបន្ទុក ដោយប្រើគ្រឿងចក្រធន់ធ្ងន់ទំនើបៗ ជាច្រើនគ្រឿងរួមទាំងមានសាជាច្រើនកន្លែង ។
ប្រជាពលរដ្ឋបានដឹងថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មជីករ៉ែត្បូងនេះស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបោះទីតាំងធ្វើអាជីវកម្មតាំងពីរដូវវស្សារហូតដល់ពេលនេះ ដោយក្រុមហ៊ុនបានប្រើប្រាស់ គ្រឿងចក្រជីកយករ៉ែ និងម៉ាស៊ីនរែងរ៉ែត្បូង គឺសុទ្ធតែជាម៉ាស៊ីន ស្វ័យប្រវត្តិជាច្រើនគ្រឿង និងមានលក្ខណៈទ្រង់ទ្រាយធំ។
ប្រជាពលរដ្ឋបញ្ជាក់ថា រ៉ែត្បូងថ្មធម្មជាតិ នៅខេត្តប៉ៃលិន គឺនៅសល់តិចតួចតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនថៃបានប្រើប្រាស់គ្រឿងចក្របែបនេះ យកអស់កាលពីសម័យអតីកាល ហើយបើនៅតែបណ្តែត បណ្តោយបែបនេះទៀត ច្បាស់ជាថ្ងៃអនាគត់កូនចៅជំនាន់ក្រោយមិនស្គាល់ត្បូងប៉ៃលិនទៀតនោះទេ។
បើតាមការបញ្ជាក់របស់លោក តាំង ប៊ុនហេង ជាម្ចាស់អាជីវកម្មរែងយករ៉ែត្បូង បានឱ្យដឹងថា៖ អាជីវកម្មរែងយកត្បូងរបស់គាត់គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយមុននឹងលោកធ្វើអាជីវកម្មនេះលោកបាន ធ្វើលិខិតសុំការអនុញ្ញាតិពីអាជ្ញធរមូលដ្ឋាន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណពីមន្ទីររ៉ែនិងថាមពលខេត្តទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សុខ សួន អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានឱ្យដឹងថា៖ អាជីវកម្មរែងយករ៉ែត្បូងនេះ គឺពិតជាបានទទួលច្បាប់អនុញ្ញាត្តិធ្វើអាជីវកម្មពីមន្ទីររ៉ែនិងថាមពលខេត្តពិតមែន ដោយលោកបានបញ្ជាក់ថា មន្ទីររ៉ែ និងថាមពលខេត្ត គឺទទួលបានសិទ្ធពីក្រសួង ក្នុងការអនុញ្ញាត្តិចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រឹមតែទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ៕