ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​លី​ប៊ី​៖​ក្រុម​យុទ្ធជន​យ៉ាងហោចណាស់​៨​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​មួយ​រវាង​កងជីវពល​ប្រដាប់អាវុធ​ធុន​ធ្ងន់​នៅក្នុង​សង្កាត់​មួយចំនួន​នៅ​ទូទាំង​ទីក្រុង​ទ្រី​ប៉ូ​លី​ប្រទេស​លី​ប៊ី​កាលពី​ម្សិលមិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឡា​ណា​នៅ​ប្រទេស​លី​ប៊ី​។​
​ក្រុម​សាក្សី​បាន​និយាយថា ពួកគេ​បានឃើញ​រថក្រោះ​និង​ក្បួន​រថយន្ត​ដឹក​កងជីវពល​ជាច្រើន​បើក​តាមផ្លូវ​មួយចំនួន ហើយ​ពួកគេ​បានឮ​ស្នូរ​បាញ់ប្រហារ​គ្នា​យ៉ាងខ្លាំង​នៅក្នុង​ខណ្ឌ​មួយចំនួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង កណ្ដាល និង​ខាងលិច​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី​។​
​កងជីវពល​បាន​បែកបាក់​គ្នា​ជា​ក្រុមៗ​ដោយសារ​ខ្វែងគំនិត​គ្នា​ក្នុងការ​គ្រប់គ្រង​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​មួយផ្នែក​គឺ​គ្រប់គ្រង​ដោយ​ក្រុម​ជីវពល​ដើម ហើយ​មួយផ្នែក​ទៀត​គឺ​គ្រប់គ្រង​ដោយ​កងកម្លាំង​ដែលមាន​ប្រភព​មកពី​ទីក្រុង​មី​ស្រា​តា​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​លី​ប៊ី និង​មាន​ក្រុម​អ៊ីស្លាម​និយម​ផងដែរ​។​
​សូម​រំលឹកថា ប្រទេស​លី​ប៊ី​បាន​ក្លាយជា​ប្រទេស​គ្មាន​ច្បាប់ទម្លាប់ និង​មានការ​បែកបាក់​គ្នា​ចាប់តាំងពី​មានការ​ដួលរលំ​នៃ​របប​ដឹកនាំ​របស់​អតីត​មេដឹកនាំ​យូរ​ឆ្នាំ​នៅ​ប្រទេស​នេះ​គឺ​លោក ម៉ូ​ម៉ា ហ្គា​ដា​ហ្វ៊ី កាលពី​ឆ្នាំ​២០១១៕

3dc84e6a1880cd594fb4f5454b8dcf6e_l