ដោយ៖ប៉ែន សុផល
បាត់ដំបង៖មានករណីបាញ់ប្រហារ ជាច្រើនគ្រាប់ មកលើពលរដ្ឋខ្មែរ ដែលចូលទៅដាក់មោងក្នុងទឹកដីថៃ បណ្ដាលឲ្យបរុស ២នាក់រងរបួស បាក់ជើង និងម្នាក់ទៀតរងរបួសចំដៃ
នៅវេលាម៉ោង ០៥ និង០៥នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ ទី១ ឈ្មោះ ភឿន ផានី ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបាក់ជើងស្ដាំ នៅបៀមអំបែងគ្រាប់ជាប់ មិនទាន់អាចវះកាត់បាននៅឡើយ រស់នៅភូមិ ភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
និងជនរងគ្រោះទី២ ឈ្មោះ សាន សាក់ ភេទប្រុស អាយុ១៨ឆ្នាំ របួសបាក់ដៃឆ្វេង រស់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ។
ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ពួកគេបានលួចចូលទៅដាក់មោង យកត្រីនៅក្នុងទឹកដីថៃ មានគ្នាប្រហែលជិតដប់នាក់ ដែលពួកគាត់បាន លួចចូលតាមច្រក ទីងមោង និងច្រកអូគី ដែលមានចម្ងាយ ប្រហែល២គីឡូដី ពីព្រំប្រទល់ កម្ពុជា~ថៃ ដោយកន្លងមកពួកគាត់ បានចូលទៅដាក់មោងរកត្រី៤ទៅ៥ដងទៅហើយ ប៉ុន្តែនៅថ្ងៃកើតហេតុចុងក្រោយនេះ ពួកគាត់បានយកមោងទៅដាក់តាំងពីល្ងាច លុះដល់ថ្ងៃស្អែក នៅវេលាម៉ោងប្រហែលជិត៥ល្ងាច ទើបពួកគាត់បានចូលទៅដោះយកត្រី ក៏ត្រូវបានជនជាតិថៃ បាញ់មកលើជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាលឲ្យរបួស០២នាក់តែម្ដង និងបក្សពួកខ្លះទៀតបានរត់គេច ដោយពុំបានរងរបួសឡើយ ចំនែកពួកគាត់ដែលរងរបួសត្រូវគាប់កាំភ្លើង ប្រឹងរត់ទាំងមានការឈឺចាប់ បានចម្ងាយប្រហែល៣០០ម៉ែត្រ ទើបមានគេមកជួយសង្គ្រោះតែម្ដង។
ជនរងគ្រោះ បានបន្តទៀតថា ក្រោយពេល កើតហេតុពុំមាន ពួកគាត់ពុំហ៊ានរាយការណ៍ ដល់សមត្ថកិច្ចណាជួយអន្តរាគមន៍ នោះឡើយដោយពួកគាត់លួចចូលទៅដោយខ្លួនឯង គ្មានការអនុញាតិអ្វីឡើយ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលលោបលួច ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ តែងតែរងនៅការបាញ់បោះពីសំណាក់ថៃ និងគួរតែសមត្ថកិច្ចជំនាញគួរតែ ជួយពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពួកគាត់លួចចូលទៅក្នុងទឹកដីថៃ តទៅព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបាន។
បន្ទាប់ពីកើតហេតុ រួចមកជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារ ជួលរថយន្តដឹកបញ្ជូនមក សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកបាត់ដំបង៕
ពលរដ្ឋខ្មែរ២នាក់ក្នុងចំណោមបក្សពួក១០នាក់ ត្រូវទាហានថៃបាញ់របួសធ្ងន់