មន្ត្រីរាជការ​-​កងកម្លាំងប្រដាប់អាវុធ​នឹងត្រូវ​បាន​ដំឡើង​ប្រាក់ខែ​ចាប់ពី​ខែមេសា​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2015 ក+ ក-

ភ្នំពេញ​៖ ​រដ្ឋាភិបាល​មាន​គម្រោង​ដំ ឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ ប៉ូលិស និង​ទាហាន​សម្រាប់​ឆ្នាំ​២០១៥​។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្វាគមន៍​ចំពោះ​ឆន្ទៈ​រដ្ឋាភិបាល​ដែល​បាន​ដំឡើង​ប្រាក់ខែ​បន្ថែម​ដល់ ពួកគាត់​។ ប៉ុន្តែ​ប្រាក់បៀវត្ស​ទាំងនោះ​នៅ​តិចតួច មិនទាន់​គ្រប់​តម្រូវ​ការចាយវាយ​ប្រចាំថ្ងៃ ខណៈ​ទំនិញ​នៅ​ទីផ្សារ​ចេះតែ​កើនឡើង​ខ្ពស់​។​

តាម​គម្រោង​ដែល​កំណត់ដោយ​រដ្ឋាភិបាល ទាំង​មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិស និង​ទាហាន​នឹងត្រូវ​ដំឡើង​ប្រាក់បៀវត្ស​បន្ថែម​ចាប់ពី​ខែមេសា ឆ្នាំ​២០១៥ ខាងមុខ​តទៅ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​ឫស្សី​ជ្រំ​ក្រោម នៅ​ខេត្តកោះកុង​។​

លោក ហ៊ុន សែន បញ្ជាក់ថា មន្ត្រីរាជការ​ដែល​ទទួល​បាន​ប្រា​ក់ទាប​បំផុត​គឺ​ឡើង​ជាង ៣០​ភាគរយ ឬ​មានន័យថា ឡើង​ពី​ជាង ៤២​ម៉ឺន​រៀល​ក្នុង​មួយខែ ទៅ ៥៥​ម៉ឺន​រៀល​ក្នុង​មួយខែ​។​

គ្រូបង្រៀន​ទទួល​ប្រាក់ខែ​ទាប​បំផុត ៥៥​ម៉ឺន​រៀល​ក្នុង​មួយខែ នឹងត្រូវ​ដំឡើង​ដល់ ៦៥​ម៉ឺន​រៀល​ក្នុង​មួយខែ​។ ចំពោះ​គ្រូពេទ្យ​ឡើង​ពី ៥៥​ម៉ឺន​រៀល​ក្នុង​មួយខែ ទៅដល់ ៦៥​ម៉ឺន​រៀល​ក្នុង​មួយខែ​។

ដោយឡែក​នគរបាលជាតិ​ថ្នាក់​ពលបាលត្រី ឡើង​ពី​ជាង ៤៧​ម៉ឺន​រៀល​ក្នុង​មួយខែ (​គិត​ទាំង​របប​អង្ករ​) ទៅ​៦៤​ម៉ឺន​រៀល​ក្នុង​មួយខែ​។ រីឯ​យោធិន​ថ្នាក់​ពលទោ​ដំឡើង​ពី​ជាង ៣៥​ម៉ឺន​រៀល​ក្នុង​មួយខែ ទៅ​ជាង ៥៣​ម៉ឺន​រៀល​ក្នុង​មួយខែ​ដោយ​មិន​គិត​របប​អង្ករ​។​

លោក ហ៊ុន សែន​៖ «​ខែ​៤ (​មេសា​) គឺ​ត្រូវ​ឡើង​ប្រាក់បៀវត្ស ហើយ​ខែ ៤ នោះ គឺ​ត្រូវ​បើកប្រាក់​បៀវត្ស​ឲ្យ​បាន​មុន​ចូលឆ្នាំ សាច់ប្រាក់​មិនជា​បញ្ហា​សម្រាប់​យើង​ទេ​»​។​

ទាក់ទង​នឹង​ការដំឡើង​ប្រាក់បៀវត្ស​បន្ថែម​ដល់​មន្ត្រីរាជការ ប៉ូលិស ទាហាន​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ស្វាគមន៍​ចំពោះ​គោ​នយោបាយ​ដំឡើង​ប្រាក់បៀវត្ស​នេះ តែ​លោក​គិតថា ការដំឡើង​នោះ នៅ​តិចតួច​ពេក​ដែល​មិនទាន់​ឆ្លើយតប​នូវ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ សព្វថ្ងៃ​។ តាម​គំនិត​លោក រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​មន្ត្រីរាជការ ប៉ូលិស ទាហាន ឲ្យ​បាន​ទាប​បំផុត ១​លាន​រៀល​៖ «​ការដំឡើង​នឹង​នៅតែ​ប្រឈម​បញ្ហា​ជីវភាព​របស់​មន្ត្រីរាជកា​រ គ្រូបង្រៀន ប៉ូលិស ទាហាន ប្រាក់​នោះ​វា​មិន​សមស្រប​តម្លៃ​ទំនិញ​»​។​

លោក រ៉ុង ឈុន បញ្ជាក់ថា ការធ្វើកំណែទម្រង់​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល និង​ទាហាន​ទៅបាន លុះណាតែ​មន្ត្រីរាជការ ប៉ូលិស ទាហាន​ទាំងអស់ ទទួលបាន​ប្រាក់ខែ​សមរម្យ​។ ប្រាក់ខែ​សមរម្យ គឺជា​គន្លឹះ​ដែល​នាំ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​។​

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​អះអាងថា មិនអាច​ដំឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ ប៉ូលិស ទាហាន ច្រើនយ៉ាង​គំហុក​បានទេ ប៉ុន្តែ​ត្រូវ​ដំ​ឡើងជា​រៀងរាល់ឆ្នាំ​។​

ការប្រកាស​ដំឡើង​ប្រាក់បៀវត្ស​នេះ គឺ​ស្រប​ពេលដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៤ កំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​មន្ត្រី​ភូមិ​។ ប្រធាន​ក្រុមប្រឹក្សា​និង​ជា​មេឃុំ ចៅសង្កាត់ ទទួលបាន ៤០​ម៉ឺន​រៀល​ក្នុង​មួយខែ​៕//rfa

----