ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់១កន្លែងដោយបានឃាត់ខ្លួនមនុស្ស២នាក់ និងមាន់១២ក្បាល កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នៅចំណុច ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងល្បែងជល់មាន់ខាងលើនេះសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យជល់មាន់ចំនួន២នាក់។ លោកបន្តថា ជនសង្ស័យទី១ឈ្មោះ ជា មរ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោលជា(ម្ចាស់ផ្ទះ)។ ទី២ឈ្មោះ គុណ រ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោលជា(អ្នកលេង)។
ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖មាន់ចំនួន១២ក្បាល ម៉ូតូចំនួន៨គ្រឿង ស៊ុមដាក់មាន់ចំនួន១៣ សង្វៀនជល់មាន់ចំនួន១ដុំ កៅអី(ក្តារ)ចំនួន៥ ឆ្នាំងសំរាប់ដាំទឹកស្អំមាន់ចំនួន១ផងដែរ។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើក្រោយពីឃាត់ខ្លួនបញ្ជូនមកអធិការនគរបាលស្រុកថ្មគោលរួចមកសមត្ថកិច្ចជំនាញបានអប់រំ និងធ្វើការកិច្ចសន្យាអោយត្រឡប់ទៅផ្ទះវិញ៕