ប៉ាគីស្ថាន៖ភ្នាក់ងារព័ត៌មានស៊ិនហួរបានចេញផ្សាយនារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះថា អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាននាព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់បាត់បង់ជីវិត និង៧០នាក់ផ្សេងទៀតរងរបួស។
អគ្គនាយកផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Jinnah លោកស្រី Seemi Jamali បានឲ្យដឹងថា សាកសពមនុស្សទាំង១១នាក់បានរក្សាទុកនៅកន្លែងតម្កល់សាកសពរបស់មន្ទីរពេទ្យ ដើម្បីត្រៀមប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្រោយពេលដែលឆ្លងកាត់ការកំណត់អត្តសញ្ញាណហើយរួចរាល់។ លោកស្រី Jamali បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលស្លាប់រួមមានស្ត្រី០៤នាក់ ហើយអ្នកដែលរងរបួសក៏មានជនបរទេសនៅក្នុងនោះផងដែរ ប៉ុន្តែសញ្ជាតិរបស់ពួកគេពុំត្រូវបានបង្ហើបឲ្យដឹងឡើយ។
ទោះបីយ៉ាងណាលោកបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត គ្រាដែលអ្នកដែល រងរបួសចំនួន៣០នាក់ កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង៕