ពលករ​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ថៃ​រាប់រយ​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ពលករ​ខ្មែរ​សម្រុក​ចេញទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​កាត់​តាម​ច្រកទ្វា​ព្រំដែន​តំបន់ភ្នំ​ដី​ចំនួន​ជាង​១០០០​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក​ឈុន លន់ ប្រធាន​ទីស្នាក់ការ​ទំនាក់ទំនង​កិច្ចការ​ច្រកទ្វារព្រំដែន​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន បានអោយដឹង​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​ថា រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់តាំងពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​ពលករ​ខ្មែរ​ទាំងប្រុស ទាំងស្រី និង​ក្មេង​ចាស់​សរុប​ចំនួន​១២០០​នាក់​មកពី​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​បាន​សម្រុក​ចេញ​ជា​បន្ដរ​បន្ទាប់​ទៅធ្វើ​ការងារ​នៅក្នុង​ទឹកដី​ថៃ​ខេត្ត​ស្រះកែវ​ដែលជា​ខេត្ត​ឈម​គ្នា​និង​ខេត្តបាត់ដំបង​ដែលមាន​កិច្ច​ព្រៀង​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​អាជ្ញា​ខេត្ត​ជាប់​គ្នា​ទាំងពីរ​និង​រវាង​សមាគមន៍​ម្ចាស់​ចំការ​របស់​ថៃ​ផងដែរ​។
​ពលករ​ខ្មែរ​ដែលមាន​កម្លាំង​រឹងមាំ​សម្រុក​ចេញទៅ​ធ្វើ​ការងារ​ប្រទេស​ថៃ​យ៉ាងច្រើន​នេះ​ជាការ​ឆ្លើយតប​ទៅ​និង​សេចក្ដីត្រូវការ​របស់​ស​មាគ​មន៍​អ្នកចំការ​ជនជាតិ​ថៃ​ដែល​ពួកគេ​ធ្លាប់បាន​ណាត់ជួប​ជាមួយគ្នា​នៅ​រៀងរាល់ឆ្នាំ​ក្នុង​រដូវ​ប្រមូល​ផល​អំពៅ​ឬ​បេះ​ផ្លែ​មៀន​។​
ប្រធាន​ទីស្នាក់ការ​ទំនាក់ទំនង​ការងារ​កម្ពុជា ថៃ​ប្រចាំ​ច្រកទ្វា​ព្រំដែន​តំបន់ភ្នំ​ដី​បានបញ្ជាក់​បន្ដថា ការចេញ​ចូលធ្វើ​ចំណាកស្រុក​របស់​ពលក​រ​ខ្មែរ​នេះ​ភាគច្រើន​ទៅធ្វើ​ការងារ​កាប់​អំពៅ​ដែល​ពលករ​ខ្លះ​ចេញទៅ​ធ្វើការ​ព្រឹក វិល​មកវិញ​ល្ងាច​និង​ខ្លះទៀត​ចំ​ពេញ​បែបបទ​មាន​សិទ្ធ​រស់នៅក្នុង​ទឹកដី​ថៃ​រហូតដល់​មួយ​សប្ដាហ៍​ម្ដង​ដូចជា​ពលករ​មកពី​ខេត្ត​ខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិសាត់​និង​ខេត្តបាត់ដំបង​ជាដើម​។​
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ច្រកទ្វារ​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​ប្រាប់​មេគង្គ​ប៉ុស្តិ៍​ថា មកទល់នឹង​រសៀល​ថ្ងៃទី​៥ ខែធ្នូ​ម្សិលមិញ​នេះ​ពលករ​ខ្មែរ​នៅតែ​បន្ដរ​សម្រុក​ចេញ​យ៉ាងច្រើន​ជា​ក្រុមៗ​ដោយ​ខ្លះ​ភ្ជាប់​ជាមួយ​នូវ​សំលៀកបំពាក់ អង្ករ ត្រី​សាច់​ក៏​ច្រើន​ផងដែរ​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​ក្នុងពេល​បំពេញការងារ​៕

15387439_1801512113420684_1012480314_o15311573_1801512210087341_22370335_o15311438_1801512150087347_1579042104_o15311390_1801512223420673_802288225_o