ជប៉ុន៖នាយករដ្ឋមន្ត្រីជប៉ុនគឺលោក ស៊ិនហ្សូ អាបេ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកនឹងធ្វើដំណើរទៅលេងមូលដ្ឋានទ័ព Pearl Harbor ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា នៅចុងខែនេះ។
លោក អាបេ បាននិយាយថា លោកនឹងធ្វើដំណើរទៅលេងរដ្ឋហាវ៉ៃនៅថ្ងៃទី២៦ដល់២៧ខែធ្នូដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះអ្នកស្លាប់ដោយសារសង្គ្រាមនៅមូលដ្ឋានទ័ពនេះ និងធ្វើកិច្ចប្រជុំកំពូលចុងក្រោយរបស់មេដឹកនាំទាំង២នេះមុនពេលលោក អូបាម៉ា បញ្ចប់អាណត្តិនៅចុងឆ្នាំនេះ។ លោក អាបេ នឹងក្លាយជាមេដឹកនាំដំបូងគេនៅប្រទេសនេះដែលបានធ្វើដំណើរទៅលេងមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកនេះនៅក្នុងរដ្ឋហាវ៉ៃដែលរងការវាយប្រហារដោយប្រទេសជប៉ុននៅឆ្នាំ១៩៤១ធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៦នេះ លោក អូបាម៉ា គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយដែលបានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធចំពោះជនរងគ្រោះដោយការទម្លាក់គ្រាប់បែកបរិមាណូពីសំណាក់សហរដ្ឋអាមេរិកទៅលើកោះហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននៅពេលចុងក្រោយនៃសង្គ្រាមលោកលើកទី២៕