លោក កឹម សុខា បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​ព​ញ​ព្រឹក​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អញ្ជើញ​ចូលប្រជុំ​សភាពេញអង្គ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​នាពេល​ថ្មីៗ​នេះ​។​
​ការចូល​ប្រជុំ​ពេញអង្គ​របស់ លោក កឹម សុខា ពេលនេះ​គឺជា​លើកដំបូង​ហើយ បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ទម្លាក់​ចេញ​តំណែង​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៥​កន្លងមក ហើយ​នៅ​យប់មិញ​នេះ​ត្រូវបាន​រដ្ឋសភា ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដែល​នេះ​ជា​តំណែង​របស់លោក សម រង្ស៊ី​កាលពីមុន​។​
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​សភាពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ​នេះ គឺ​បោះឆ្នោត​អនុម័ត​ចំពោះ​ការដាក់​បេក្ខភាព លោក សួន រី​ដា ជំនួស​តំណែង​តំណាងរាស្ត្រ​របស់ លោក ប៉ែន សុវណ្ណ ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានទទួល​មរណភាព​៕

fn-2016-12-07-08-05-32-1