ធី សុវណ្ណ​ថា ប្រាប់​ឱ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អតីត​អ្នកគាំទ្រ CNRP កញ្ញា ធី សុវណ្ណ​ថា បានស្នើ​ឱ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​សុំទោស​ជា​សាធារណៈ​ពាក់ព័ន្ធ​ការ​បរិហាកេរ្តិ៍ ។ កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​ដូចនេះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​កាលពី​ម្សិលមិញ​។​
​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​រូបនោះ​ព្រម​ថា បើ​លោក កឹម សុខា មិន​សុំទោស​នាង នាង​នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ដើម្បី​ឲ្យ​តុលា​ការបន្ត​និតិ​វិធី​សំណុំរឿង​ផ្សេងទៀត​របស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរ​ផ្លូវភេទ សូកប៉ាន់​សាក្សី​ជាដើម ។ នាង​សរសេរថា “​សារ​ផ្ញើជូន​លោក កឹម សុខា បណ្តឹង​នាង​ខ្ញុំ បានធ្វើ​ឲ្យ​លោក​ជាប់ឃុំ ៦​ខែ​ក្នុង​ស្នាក់ការ​បក្ស នាង​ខ្ញុំ​រីករាយ​ដែល​បានឃើញ​លោក​ទទួលស្គាល់​កំហុស លោក​បានស្នើ​សុំ​និង​ទទួលព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​នាង​ខ្ញុំ​ក្នុងនាម​ជា​ជនរងគ្រោះ​ពី​អំពើ​បរិហាកេរ្តិ៍​របស់លោក ស្នើ​ឲ្យ​លោក​សុំទោស​នាង​ខ្ញុំ​ជា​សាធារណ​: ដើម្បី​បញ្ចប់រឿង​។ បើ​លោក មិន​សុំទោស​នាង​ខ្ញុំ​ទេ នាង​ខ្ញុំ​នឹង​បន្ត​ដាក់ពាក្យ​ប្តឹង ដើម្បី​ឲ្យ​តុលា​ការបន្ត​នីតិវិធី​សំនុំរឿង​ផ្សេងទៀត​របស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរ​ផ្លូវភេទ សូក​សាក្សី ជាដើម​”​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​បន្តថា នាង​មិនតូច​ចិត្ត​ជីវិត​ខ្លួនឯង​ទេ​ដែល​រង​ការជេរប្រមាថ​ជាច្រើន​ពី​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​នាង​ដឹង​ច្បាស់​ចំពោះ​សកម្មភាព​ខ្លួនឯង​។ នាង​បញ្ជាក់ថា សកម្មភាព​របស់​នាង ដើម្បី​ភាពត្រឹមត្រូវ​យុត្តិធម៌ ដើម្បី​ជាតិ ដើម្បី​ជួយ​ពលរដ្ឋ និង​យុវជន​ក្រីក្រ មិនមែន​ដើម្បី​បក្ស​ណាមួយ រឺ បុគ្គល​ណាមួយ​នោះឡើយ​។​
​នាង​បានបញ្ជាក់​បន្ថែមទៀតថា នាង​ខ្ញុំ​សុំទោស និង​សូម​អរគុណ អ៊ុំ​ពូ​មីង តំណាងរាស្ត្រ CNRP ទាំងអស់ ដែល​តែងតែបាន​ណែនាំ លើកទឹកចិត្ត​នាង​ខ្ញុំ​កន្លងមក តែ​ដោយ​ព្រោះ​នាង​ខ្ញុំ​មិនអាច​ទ្រាំ​អត់ធ្មត់ នឹង​ការ​ជាន់ឈ្លី មើលងាយ​ជាច្រើន​ដង ពី​លោក កឹម សុខា និង​កូន ទើប​នាង​ខ្ញុំ​សម្រេច​ប្រឆាំង​ដាក់ពាក្យ​ប្តឹង ដើម្បី​ទាមទារ​យុត្តិធម៌​។ សុំទោស​បងប្អូន​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្ញុំ​បាន​ប្តឹង​លោក កឹម សុខា ព្រោះ​ខ្ញុំ​ចង់​ព្រមាន​គាត់ និង​កូន​គាត់ កុំ​ឲ្យ​មើលងាយ​យុវជន​ជំនាន់​ក្រោយ​បន្តទៀត​។​ពី​នាង​ខ្ញុំ ធី សុវណ្ណ​ថា​យុវជន​ម្នាក់​ធ្លាប់​ពលិកម្ម​យ៉ាងធ្ងន់ធ្ង​រ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវបាន​លោក កឹម សុខា និង​កូន ប្រមាថមើលងាយ​ចេញ​លិខិត​បដិសេធ បណ្តេញចេញ​ពីលើ​វេទិកា​បក្ស និង​បណ្តេញចេញ​ក្បួន​ហែរ​បក្ស សូម​អរគុណ​បងប្អូន​ជាច្រើន នៅតែ​បន្ត ចុច​Like​ជួយ​គាំទ្រ ផ្តល់​កម្លាំងចិត្ត និង​អាណិត​ស្រលាញ់​នាង​ខ្ញុំ ៕

capture-1-768x606