សម្តេច ហ៊ុន សែន ប្រកាសថា លោក កឹម សុខា គឺជា​ដៃគូ​សន្ទនា​រឿង​ប្រទេសជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​នៅក្នុង​សភា​ថា លោក កឹម សុខា គឺជា​ដៃគូ​ពិភាក្សា​ការងារ​សភា​ជាមួយ​សម្តេច​ក្រឡា ហោម ស ខេង ហើយ​ជា​ដៃគូ​ពិភាក្សា​រឿង​ប្រទេសជាតិ ជាមួយនិង​សម្តេច​ផ្ទាល់​ផងដែរ​។​
​សម្តេច ហ៊ុន សែន ក៏បាន​ពន្យល់​ផងដែរ អំពី​ការតែងតាំង​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ដោយ​បញ្ជាក់ថា តំណែង​ទាំងពីរ​នេះ គឺ​តែមួយ​ទេ នេះ​បើ​យោងតាម​មាត្រា​៤៨​ថ្មី ( ៣ ) នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ស​ភា​។​
​ចំណែក​លោក កឹម សុខា ក៏បាន​ថ្លែងថា បញ្ហា​តំណែង​តួនាទី​មិន​សំខាន់​នោះទេ សំខាន់​គឺត្រូវធ្វើ​យ៉ាងណា​នាំមក​នូវ​ការឯកភាព​ជាតិ និង​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ជាតិ ដូចដែល​រូបលោក​បាន​ពិភាក្សា​ផ្ទាល់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​លោក កឹម សុខា បាន​បញ្ជាក់ថា លោក​បាន​ពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​បាន​រកឃើញ​គំនិត​រួម មួយចំនួន​សំរាប់​អភិវឌ្ឍន៍​សង្គម និង​ស្វែងរក ឯកភាព​ជាតិ​។ លោក​បន្តថា ការរិះគន់​ប្រកបដោយ​ស្ថាបនា និង​រក្សា​តម្លៃ​ថ្លៃថ្នូរ​គឺ​ស្វាគមន៍ ហើយ​លោក​ក៏​សូម​អរគុណ អង្គសភា​ទាំងមូល​ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ និង​ខ្មែរ​។ លោក​ក៏​សុំ​ឲ្យ​ប្រជាជន​តាមដាន​មើល​អំពី​ការធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​អំពី​ទង្វើ​បស់​យើង​។ លោក​បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ និង​បញ្ឈប់​រាល់​ការជេរប្រមាថ ដែល​នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​៕

fn-2016-12-07-08-27-50-0fn-2016-12-07-08-09-43-0