ស៊ីរី៖ក្រុមឃ្លាំមើលមួយបានឲ្យដឹងថា កងទ័ពស៊ីរីនិងសម្ព័ន្ធមិត្តបានរុលចូលទៅក្នុងផ្នែកមួយដែលពួកឧទ្ទាមកាន់កាប់នៃទីក្រុងចំណាស់របស់អាឡេប៉ូកាលពីថ្ងៃអង្គារដោយឈានកាន់ជិតដើម្បីសម្រេចបាននូវការទទួលជ័យជម្នះសំខាន់បំផុតរបស់ពួកគេនៃសង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំនេះដោយជំរុញក្រុមឧទ្ទាមឲ្យចេញពីបន្ទាយចុងក្រោយរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីក្រុមឧទ្ទាមបាននិយាយថា ពួកគេនឹងមិនបោះបង់ចោលទីក្រុងអាឡេប៉ូទេបន្ទាប់ពីមានរបាយការណ៍ថា អ្នកការទូតសហរដ្ឋអាមេរិកនិងរុស្ស៊ីត្រៀមពិភាក្សាអំពីការចុះចាញ់និងការជម្លៀសពួកឧទ្ទាមចេញពីទឹកដីដែលពួកគេកាន់កាប់សម្រាប់រយៈពេលជាច្រើនឆ្នាំ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីការដកក្រុមឧទ្ទាមនឹងចាប់ផ្តើមក្នុងទីក្រុងហ្សឺណែវនៅល្ងាចថ្ងៃអង្គារឬព្រឹកថ្ងៃពុធ។ ប៉ុន្តែក្រោយមក ប្រភពដែលដឹងពីផែនការនេះបានប្រាប់ Reuters ថា មិនមានកិច្ចពិភាក្សាណាមួយនឹងប្រព្រឹត្តទៅឡើយនៅសប្តាហ៍នេះក្នុងទីក្រុងរបស់ប្រទេសស្វីសមួយនេះ។
ពួកឧទ្ទាមដែលបានគ្រប់គ្រងផ្នែកដ៏ធំនៃភាគខាងកើតទីក្រុងអាឡេប៉ូសម្រាប់រយៈពេលជិតប្រាំឆ្នាំមកហើយនោះគឺបានបាត់បង់ប្រមាណពីរភាគបីនៃទឹកដីរបស់ខ្លួននៅក្នុងទីក្រុងមួយនេះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ៕