ខេត្តកំពង់ធំ៖ឪពុកតិរច្ឆានចាប់រំលោភកូនស្រីខ្លួនឯងជាបន្តបន្ទាប់ជាង២ឆ្នាំទៅហើយ ទើបតែពេលនេះបែកការណ៍ដឹងដល់ម្តាយមីងក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ឪពុកចិត្តតិរច្ឆានរូបនោះឈ្មោះ ស៊ឹម សេង អាយុ៣៨ឆ្នាំ រស់នៅឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកកូនស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។
សមត្ថកិច្ចស្រុកបារាយណ៍បានឲ្យដឹងថា ឪពុកបង្កើតចិត្តតិរច្ឆានរូបនេះបានចាប់រំលោភកូនស្រីខ្លួនឯងជាបន្តបន្ទាប់បានសម្រេចជាច្រើនដងតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយរំលោភលើកចុងក្រោយនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦។ បន្ទាប់មកក៏បែកការណ៍ដឹងដល់ម្តាយមីងក្មេងស្រីរងគ្រោះ ទើបម្តាយមីងក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្ដឹងឲ្យចាប់ខ្លួនជនសង្ស័យជាឪពុកយកមកផន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ដោយសារក្មេងស្រីរងគ្រោះបានជំងឺផ្លូវភេទធ្ងន់ធ្ងរ សមត្ថកិច្ចសហការជាមួយអង្គការស្ត្រីមានវិបត្តិបញ្ជូនក្មេងស្រីរងគ្រោះទៅរាជធានីភ្នំពេញដើម្បីពិនិត្យ និងព្យាបាល៕