ខេត្តកំពង់ឆ្នាំង៖យ៉ាងហោចណាស់មនុស្សប្រុស-ស្រី៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមានអាការៈវិលមុខ ឈឺពោះ និងក្អួតចង្អោរ បន្ទាប់ពីញ៉ាំសម្លរម្ជូរគ្រឿងរួច។ ករណីពុលអាហារនេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិស្វាយទង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះមានចំនួន៤នាក់ ទី១-ឈ្មោះ សកាដា សូទី ភេទស្រី អាយុ៦ឆ្នាំ ទី២-ឈ្មោះ ចៅ សារ៉េន ភេទស្រី អាយុ៦៨ឆ្នាំ ទី៣-ឈ្មោះហួន គន្ធា ភេទប្រុស អាយុ២៦ឆ្នាំ និង ទី៤-ឈ្មោះ ហេង ណារ៉ា ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំង៤រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់នាំគ្នាហូបបាយជុំគ្នាជាមួយនឹងសម្លរម្ជូរគ្រឿង ហើយក្រោយពីហូបរួចប្រហែលកន្លះម៉ោង ស្រាប់តែនាំគ្នាវិលមុខ ឈឺក្បាល ក្អួតចង្អោរគ្រប់គ្នាតែម្តង។ ភ្លាមៗនោះសាច់ញាតិបងប្អូនក៏បានប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យតែម្តង។
បច្ចុប្បន្នជនរងគ្រោះមានអាការៈធូរស្រាលបន្តិចហើយ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕