សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​លើក​របៀបវារៈ​អំពី​សមាហរណកម្ម​អាស៊ាន​ក្នុង​វេទិកា​ទីក្រុង​ដា​វ៉ូស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

ភ្នំពេញ​៖​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលខាងមុខ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វ៊ី​ស សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្តោត​សំខាន់​លើ​របៀបវារៈ អំពី​សមាហរណកម្ម​អាស៊ាន​និង​សករាជ​ថ្មី​នៃ​កំណើន​និង​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​។​

​IBC ​​បានផ្សាយថា សម្តេចនាយក​រដ្ឋមន្ត្រី​នឹងចូលរួម​ពិភាក្សា​ក្នុង​តុ​គណប្រតិភូ ជាមួយនឹង លោក ម៉ូ​ហា​ម៉ាត់ ណា​ជីប​ប៊ិន​ទុន​អាប់​ឌុល​រ៉ា​ហ្សា​ក់​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ម៉ាឡេស៊ី លោក ផាំ ប៊ិ​ញ មិញ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម​និង លោក ព្រិ​ទ្ធ​យ៉ា​ថន ទេវ​កុល ឧបនាយករដ្ឋមន្ត្រី​ថៃ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​នឹង​ថ្លែង​សុន្ទរកថា នៅ​ឱកាស​កម្មវិធី​ភោជនាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) និង​សភាពាណិជ្ជកម្ម​ស្វ៊ី​ស​-​អាស៊ី​ដែលជា​វេទិកា​សម្រាប់​អ្នកដឹកនាំ​វិស័យ​ឯកជន​ប្រទេស​ស្វ៊ី​ស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​ប្រតិភូ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ពិភាក្សា​អំពី​ឱកាស​អាជីវកម្ម​និង​ការវិនិយោគ​នៅ​កម្ពុជា​។​

​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា តែងតែបាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការចូល​រួមជាមួយ​វេទិកា​សេដ្ឋកិច្ចពិភពលោក និង​តែង​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​រដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​កម្រិត​តំបន់​អាស៊ី​។​

​នេះ​ជា​លើកទីមួយ​ហើយ ដែល​ថ្នាក់​ដឺ​ក​នាំ​កំពួ​ល និង ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុ​ជាមាន​សមាសភាព​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​សម្រាប់​មេដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម​និង​នយោបាយ​ទូទាំង​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​វត្តមាន​អមដំណើរ​ដោយ​ឯកឧត្តម​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ឯកឧត្តម​សុខ ចិន្តា​សោភា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (​កអក​)​។​

​គណៈប្រតិភូ​ផ្នែក​អាជីវកម្ម រួមមាន លោក​បណ្ឌិត​អ៊ិន ចាន់នី​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​លោក Bretton Sciaroni​ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា លោក​Peter Sok​ប្រធាន​សហព័ន្ធ​អង្ករ​កម្ពុជា (CRF) និង​លោក Pierre Tami​សហគ្រិន​សង្គម និង​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​

​លោក Tami ស្ថាបនិក​អង្គការ​ហា​ការ​និង​អាជីវកម្ម​មួយចំនួនទៀត នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​អតីត​អ្នកទទួល​ពានរង្វាន់​ស​ហ​គ្រិន​សង្គម​ពី​មូលនិធិ​ស្វ័​ប​(Schwab Foundation)​ដែល​បាន​ប្រគល់ជូន​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ទីក្រុង​ដា​វ៉ូស​។​

​លោក​បណ្ឌិត​អ៊ិន ចាន់នី​ដែលជា​អនុប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​ផងដែរ​នោះ ធ្លាប់​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ជា​ញឹកញយ រួមទាំង​ធ្លាប់​ទទួល​ពានរង្វាន់ ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ទីក្រុង​ម៉ានីល​កាលពី​ខែឧសភា នៅពេលដែល​ធនាគារ​អេ​ស៊ី​លី ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កំណើន​សកល​ទាំង ២០ នៅក្នុង​តំបន់​អាស៊ី​។ ការទទួលស្គាល់​នេះ ផ្តល់​ឲ្យ​ដល់​ក្រុមហ៊ុន​ណា ដែល​សម្រេចបាន​កំណើន​ប្រាក់ចំណូល​ខ្ពស់​ខ្លាំង​លើសគេ​ក្នុង​វិស័យ អនុវត្តន៍​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។​

​លោក​បណ្ឌិត​អ៊ិន ចាន់នី បាន​មានប្រសាសន៍ថា “​វេទិកា​សេដ្ឋកិច្ចពិភពលោក​គឺជា​ព្រឹត្តិការណ៍​កម្រិត​ខ្ពស់​ដ៏​សំខាន់​មួយ ហើយ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ដា​វ៉ូស​នេះ គឺជា​ឱកាស​ផ្សារភ្ជាប់​បណ្តាញ​ទំនាក់ទំនង​បានល្អ​បំផុត​។ នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ណាស់​សម្រាប់​ខ្ញុំ ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​កម្រិត​ខ្ពស់​នេះ​ដែល​ដឹកនាំ​ជា​លើកដំបូង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​។ ហើយ​ខ្ញុំ​ជឿជាក់ថា សមាសភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​គណៈប្រតិភូ​នេះ នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​នៅ​ឆាក​សេដ្ឋកិច្ចពិភពលោក ជាក់​ជាមិនខាន​”​។​

​លោក Sciaroni បាន​មានប្រសាសន៍ថា “​ប្រធានបទ​នៃ​ការពិភាក្សា​របស់​សម្តេច​នាយករដ្ឋមន្ត្រី​គឺ​សមាហរណកម្ម​អាស៊ាន​ដែលជា​ប្រធានបទ​ដែល​សម្តេច​បានលើកឡើង​ក្នុង​សន្និសីទ​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន​ដែរ​។ ដូច្នេះ​យើង​រំពឹងថា​នឹង​បន្ត​ពិភាក្សា​អំពី​ប្រធានបទ​ដ៏​សំខាន់​នេះ នៅក្នុង​ប្រទេស​ស្វ៊ី​ស​បន្ថែមទៀត ជាមួយ​បុគ្គល​ពាក់ព័ន្ធ​កាន់តែច្រើន​។​”

​បន្ថែម​ពីលើ​ពី​កិច្ច​ការប្រជុំ​ការពិភាក្សា​ជា​ក្រុម និង​កម្មវិធី​ភោជនាហារ​ថ្ងៃត្រង់​ក្រុម​ប្រតិភូ​កម្ពុជា​ក៏​នឹង​ជួយ​លើកកម្ពស់​វិស័យ​នាំចេញ​អង្ករ នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វ៊ី​ស​នេះ​ផងដែរ ដោយ​ក្រុម​គណៈប្រតិភូ​នឹង​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នាំចូល​និង​កែច្នៃ​អាហារ​ធំៗ​នៅ​ប្រទេស​ស្វ៊ី​ស ដើម្បី​ជួយ​លើកកម្ពស់​អង្ករ​ឈ្នះ​ពានរង្វាន់​របស់​កម្ពុជា​។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​អង្ករ​ក្រអូប​រំដួល របស់​ប្រទេស​កម្ពុជា បាន​ជាប់​ឈ្មោះ​ជា​អង្ករ​ល្អ​បំផុត​នៅលើ​ពិភពលោក ដែល​នេះ​ជា​ជ័យជំនះ​បី​ឆ្នាំ​ជាប់​គ្នា នៅក្នុង​កម្មវិធី​ពានរង្វាន់​អង្ករ​ពិភពលោក​។​

​កិច្ចប្រជុំ និង​ទស្សនកិច្ច រៀបចំ​ដោយ​សភា​ពាណិជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា នឹង​ជួយ​ឲ្យ​សហព័ន្ធ​អង្ករ​កម្ពុជា កសាង​បន្ថែម​លើ​ភាពជោគជ័យ​នេះ​និង​ពង្រីក​សក្តានុពល​ទីផ្សារ​មានតម្លៃ ថ្មី​សម្រាប់​ស្រូវ​អង្ករ​របស់ខ្លួន​៕ IBC

Untitled-4