លោក​អាសាដ​មាន​ទំនុកចិត្ត​ពេល​ពួក​ឧទ្ទាម​បាត់បង់​ទឹកដី​បន្ថែមទៀត​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

​ស៊ី​រី​៖​លោក​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​បាន​និយាយថា ការទទួល​ជ័យជម្នះ​មួយ​សម្រាប់​កងទ័ព​រប​ស់លោក​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នឹង​ក្លាយជា “​ជំហាន​ដ៏​ធំ​” មួយ​ឆ្ពោះទៅរក​ការបញ្ចប់​សង្គ្រាមស៊ីវិល​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ប្រទេស​នេះ​ខណៈដែល​ក្រុម​ឧទ្ទាម​នៅក្នុង​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​ស៊ី​រី​មួយ​នេះ​បាន​បាត់បង់​ទឹកដី​បន្ថែមទៀត​។​
​នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Al-Watan ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​អាសាដ​បាន​និយាយថា ការ​កម្ចាត់​ពួក​ឧទ្ទាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នឹង​មិនអាច​បញ្ចប់​ជម្លោះ​របស់​ប្រទេស​ស៊ី​រី​បានឡើយ​។​
​លោក​អាសាដ​បាន​បន្តថា “​វា​គឺជា​ការពិត​ដែលថា ទីក្រុង​អា​ឡេ​ប៉ូ​នឹង​ក្លាយជា​ជ័យជម្នះ​មួយ​សម្រាប់​ពួកយើង​ប៉ុន្តែ​ត្រូវមាន​ភាពជឿជាក់​។ វា​មិនមែន​មានន័យថា​គឺជា​ចុងបញ្ចប់​នៃ​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​ទេ​”​។ លោក​អះអាងថា “​ប៉ុន្តែ​វា​នឹង​ក្លាយជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​ទីបញ្ចប់​”​។​
​ក្នុងការ​វាយលុក​រយៈ​ពេល​បី​សប្តាហ៍ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​រឹបអូស​យក​ប្រហែល​៨០​ភាគរយ​នៃ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​បន្ទាយ​ក្រុម​ឧទ្ទាម​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។​
​ស្របពេល​ជាមួយគ្នា​នោះ នៅពេល​សាកសួរ​អំពី​លទ្ធភាព​នៃ​បទ​ឈប់​បាញ់​នៅ​ទីក្រុង​អា​ឡេ​ប៉ូ លោក​អាសាដ​បាន​និយាយថា “​ជាការ​ពិតណាស់ វា​មិន​មែនមាន​ស្រាប់​នោះទេ​”​។ លោក​អាសាដ​បាន​ប្រាប់ Al-Watan ថា “​ជាពិសេស អាមេរិក​ដែល​កំពុង​ទទូច​លើ​ការទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​ដោយសារតែ​ភ្នាក់ងារ​ភេរវកម្ម​របស់​ពួកគេ​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​”​។​
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក John Kerry បានធ្វើ​កិច្ចចរចា​ជាមួយ​សម​ភាគី​រុស្ស៊ី​គឺ​លោក Sergei Lavrov នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ប៉ុន្តែ​គ្មាន​ការ​បំបែក​ភាពទាល់ច្រក​បាន​ផុស​ឡើង​ទេ​នៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង​បំផ្លិចបំផ្លាញ​មួយ​នេះ​។​
​គួរបញ្ជាក់​ជាថ្មី​ថា ជម្លោះ​របស់​ប្រទេស​ស៊ី​រី​បាន​ផ្ទុះឡើង​ក្នុង​ខែមីនា​ឆ្នាំ​២០១១​ដោយ​ការធ្វើ​បាតុកម្ម​រីក​រាលដាល​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មកវា​បានប្រែក្លាយ​ទៅជា​សង្គ្រាម​ដែល​ទាក់ទាញ​ប្រទេស​មហាអំណាច​ពិភពលោក​។​ប្រទេស​លោកខាងលិច​ជាច្រើន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ក្នុង​ឆ្នាំ​២០១១​ហើយ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងខ្លាំង​ប៉ុន្តែ​លោក​អាសាដ​បាន​និយាយថា​លោក​នៅតែ​បើកចំហរ​ចំពោះ​ទំនាក់ទំនង​ល្អប្រសើរ​ជាង​មុន​ជាមួយ​ពួកគេ​៕

v13