រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឈប់បង្គាប់ឲ្យអ្នកលក់ដូរតាមដងផ្លូវបង់ប្រាក់ដូចពេលមុនៗ ដោយថា ដើម្បីលើកស្ទួយដល់ជីវភាពអ្នកដែលមានមុខរបរតូចតាច។
សម្តេច ហ៊ុន សែន បានសរសេរនៅលើ Facebook សម្តេចថា ដើម្បីកាត់បន្ថយនូវភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញ «សារាចរស្ដីពីការលុបចោលចំពោះការបង់ថ្លៃ» ដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី គឺមិនចាំបាច់បង់ថ្លៃឡើយ។
សូមជម្រាបថា កន្លងទៅអ្នកលក់ដូរតាមដងផ្លូវមួយចំនួនបានត្អូញត្អែរថា ពួកគេត្រូវបានអាជ្ញាធរបណ្តេញពីកន្លែងមួយទៅកន្លែងមួយទៀត ឬរឹបអូសយកសម្ភារៈលក់ដូរ ដោយសំអាងពីការរៀបចំសណ្តាប់ធ្លាប់ បើទោះបីពួកគេបានបង់ប្រាក់ប្រចាំថ្ងៃឲ្យអាជ្ញាធរ អ្នកដើរទារភាស៊ីចល័ត និងប៉ូលិសសណ្តាប់ធ្លាប់ហើយក៏ដោយ៕