ភ្នំពេញ៖ចៅក្រមអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី ២០ មករា សម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធនឹងការរក្សាទុកអាវុធខុសច្បាប់។
ការសម្រេចបដិសេធសុំនៅក្រៅឃុំ របស់លោកចៅក្រម សាលាឧទ្ធរណ៍លោក ឃុន លាងម៉េង ករណី លោក លោក ថោង ចំរើន និង អ្នកស្រី កែវ សាវី ត្រូវបានមេធាវីការពារក្ដី លោក ស៊ី សត្យា ចាត់ទុកថារឿងអយុត្តិធម៌ ហើយលោកនឹងប្ដឹងសារទុក្ខសារជាថ្មី ដើម្បីឲ្យកូនក្ដីរបស់លោក បាននៅក្រៅឃុំ ព្រោះកូនក្ដីរបស់លោក គឺ លោក ថោង ចំរើន មានជំងឺ ធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលឲ្យបានទាន់ពេល។
លោក ថោង ចំរើន និង អ្នកស្រី កែវ សាវី ជាឪពុកម្ដាយ លោក ថោង សារ៉ាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី ៧ ធ្នូ ២០១៤ ពាក់ព័ន្ធនឹងការរក្សាទុកអាវុធខុសច្បាប់ និងព្យាយាមរារាំងការស៊ើបអង្កេតរបស់សមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួន លោក ថោង សារ៉ាត់ ដែលជាជនជាប់ចោទ លើករណីឃាតកម្ម ឧកញ៉ា អ៊ឹង ម៉េងជឺ ៕N M