ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖បុរស៤នាក់ដែលបន្លំធ្វើជាសង្ឃក្លែងក្លាយដើររៃអង្កាសលុយនៅតាមទីប្រជុំជននានាក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់បកល្បែក កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១១ធ្នូ ខណ:កំពុងសម្ងំនៅក្នុងបន្ទប់ផ្ទះជួលមូយកន្លែង នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិយាយថា ជនទាំង៤នាក់ដែលបន្លំខ្លួនជាសង្សនោះមាន ១,ឈ្មោះម៉ៅ ជា អាយុ៣០ឆ្នាំ នៅភូមិគោកជ័រ ឃុំស្ដៅ ស្រុករតន:មណ្ឌល ២,ឈ្មោះវិត ផល្លា អាយុ៣២ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯង ក្រុងបាត់ដំបង ៣,ឈ្មោះលឹម ម៉ៅ អាយុ៣៧ឆ្នាំ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល និង៣,ឈ្មោះតូច សារ៉ាត់ ហៅតយ អាយុ៣៤ឆ្នាំ នៅភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង។ មន្ត្រីដដែលបានបន្តថា ក្រុមនេះតែងបន្លំខ្លួនតែងខ្លួនជាសង្ឃ ដើរសុំលុយស្ទើរគ្រប់ទិសទី លុះមួយរយះចុងក្រោយនេះ ប្រជាពលរដ្ឋមានការសង្ស័យ ក៏តាមដានដឹង ទើបរាយការណ៏ប្រាប់សមត្ថកិច្ចតាមស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាបតែម្ដង។
ក្រុមសង្ឃក្លែងក្លាយទាំង៤នាក់បាននិយាយក្រោយពេលឃាត់ខ្លួនថា ពួកខ្លួនតែងចេញធ្វើសកម្មភាពជារៀងរាល់ថ្ងៃ នៅតាមភូមិសាស្ត្រនានា នៅក្នុងក្រុងបាត់ដំបង។ ក្រុមនេះបានសារភាពថា ជាទូទៅរៀងរាល់ម៉ោង៧ព្រឹក បក្សពួកខ្លួនតែងឌុបទៅកន្លែងផ្នូរសាកសពខាងក្រោយវត្តទូកតាឯក ដើម្បីផ្លាស់ប្ដូរសំលៀកបំពាក់ ស្លៀងស្បង់ចីវរ មុនពេលបែងចែកគោលដៅគ្នាចេញបិណ្ឌបាតតាមលុយពីប្រជាពលរដ្ឋ តាមភូមិ និងតាមទីប្រជុំជននានា ក្នុងក្រុងបាត់ដំបង។ ក្រុមសង្ឃក្លែងបន្លំនេះបានបញ្ជាក់ថា ពួកខ្លួនក៏ធ្លាប់ចេញធ្វើសកម្មភាពតាមបណ្ដាស្រុកដទៃទៀត ហើយក៏ឈានទៅកាន់ខេត្តផ្សេងដែរ។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនក្លែងបន្លំទាំង៤នាក់នេះ និងរងចាំគោលការណ៏លោកស្នងការខេត្ត ដើម្បីចាត់វិធានការបន្ត៕