អេហ្ស៊ីប៖សារព័ត៌មាន Washington Post ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦នេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៥នាក់បានស្លាប់ ខណៈដែលចំនួន ៤៩នាក់ផ្សេងទៀតរងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកនៅក្នុងព្រះវិហារមួយកន្លែងនៃទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
យោងតាមសាក្សីជាច្រើននាក់ ហេតុការណ៍ខាងលើនេះកើតឡើងនាវេលាម៉ោង ៩ និង៤៥នាទីព្រឹកម្សិលមិញ (ម៉ោងនៅអេហ្ស៊ីប) នៅក្នុងព្រះវិហារ Coptic Orthodox ក្រោយពេលដែលអ្នកគោរពសាសនាគ្រឹស្តប្រមាណជាង២០០នាក់បានបញ្ចប់ការសូត្រព្រះគម្ពីររបស់ពួកគេ ខណៈបុព្វជិតនៅទីនោះបានរៀបចំខ្លួនដើម្បីចាប់ផ្តើមការធ្វើធម្មទេសនាជាបន្ត។
រហូតមកដល់ពេលនេះគេពុំទាន់ឃើញមានក្រុមភេរវករណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ តែគេបានដាក់ការសង្ស័យទៅលើក្រុមជ្រុលនិយមអ៊ីស្លាម ដោយរួមបញ្ចូលទាំងក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ។
គួរបញ្ជាក់ថា នេះជាការវាយប្រហារដ៏សាហាវជាងគេបំផុត ទៅលើអ្នកកាន់សាសនាគ្រឹស្តនៅអេហ្ស៊ីបនាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកមួយផ្សេងទៀត ដែលសម្លាប់ជីវិតមន្ត្រីប៉ូលិសចំនួន ០៦នាក់ និងបណ្តាលឲ្យបីនាក់ផ្សេងរងរបួសនៅតាមដងវិថីឆ្ពោះទៅកាន់សំណង់ប្រាសាទពីរ៉ាមីដ ដ៏អស្ចារ្យរបស់ប្រទេសអេហ្ស៊ីប៕