អាមេរិក៖ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកមិនចាំបាច់ត្រូវបញ្ចប់គោលជំហរយូរអង្វែងរបស់ខ្លួនដែលថា តៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយ “ចិនតែមួយ” នោះឡើយ។
ការលើកឡើងរបស់លោក Trump នៅក្នុងកម្មវិធី “Fox News Sunday” បានកើតឡើងបន្ទាប់ពីលោកបានបង្កឲ្យមានការតវ៉ាផ្នែកការទូតពីសំណាក់ប្រទេសចិនលើការសម្រេចចិត្តរបស់លោកក្នុងការទទួលទូរស័ព្ទពីប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃទី២ខែធ្នូ។
លោក Trump បានប្រាប់ Fox ថា “ខ្ញុំយល់យ៉ាងច្បាស់អំពីគោលនយោបាយ ‘ចិនតែមួយ’ ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអ្វីបានជាយើងត្រូវតែជាប់ពាក់ព័ន្ធដោយគោលនយោបាយចិនតែមួយនេះទេ លុះត្រាតែយើងធ្វើកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិនដើម្បីធ្វើជាមួយរឿងផ្សេងទៀតរួមទាំងពាណិជ្ជកម្មជាដើម”។
ការនិយាយទូរស័ព្ទរបស់លោក Trump ជាមួយលោកស្រីប្រធានាធិបតី Tsai Ing-wen គឺជាទំនាក់ទំនងតាមបែបនេះជាលើកដំបូងជាមួយកោះតៃវ៉ាន់ដោយប្រធានាធិបតីជាប់ឆ្នោតឬប្រធានាធិបតីរបស់សហរដ្ឋអាមេរិកចាប់តាំងពីលោកប្រធានាធិបតី Jimmy Carter បានប្តូរការទទួលស្គាល់ផ្នែកការទូតពីកោះតៃវ៉ាន់ទៅប្រទេសចិនក្នុងឆ្នាំ១៩៧៩ដោយបានទទួលស្គាល់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយ “ចិនមួយ” ។
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយប្រធានាធិបតីតៃវ៉ាន់ រដ្ឋបាលលោក Obama បានឲ្យដឹងថា ជំនួយការជាន់ខ្ពស់សេតវិមានបាននិយាយជាមួយក្រុមមន្ត្រីចិនដើម្បី ទទូចថា គោលនយោបាយ “ចិនតែមួយ” របស់ក្រុងវ៉ាស៊ីនតោននៅតែដដែល។ រដ្ឋបាលនេះក៏បានព្រមានផងដែរថា ការរីកចម្រើនដែលបានធ្វើក្នុងទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនគឺអាចនឹងត្រូវបានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃបញ្ហាតៃវ៉ាន់។
នៅក្នុងបទសម្ភាសរបស់ Fox លោក Trump បានរិះគន់ចិនលើគោលនយោបាយរូបិយប័ណ្ណ សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងនិងជំហររបស់ចិនឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងជើង។ លោកបាននិយាយថា វាមិនមែនអាស្រ័យទៅលើក្រុងប៉េកាំងទេដើម្បីសម្រេចថាតើគាត់គួរតែទទួលទូរស័ព្ទពីមេដឹកនាំរបស់កោះតៃវ៉ាន់ដែរឬក៏អត់៕