ប៉េកាំង៖ការឆ្លើយតបចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានគំរាមលែងទទួលស្គាល់គោលនយោបាយនេះចំពោះកោះតៃវ៉ាន់ ប្រព័ន្ធផ្សព្វផ្សាយចិននៅ បានព្រមានលោក ត្រាំ ចំៗថា គោលនយោបាយចិនតែមួយនឹងមិនអាចត្រូវបានចរចាឡើងវិញ ឬផ្លាស់ប្ដូរជាដាច់ខាត។
សារព័ត៌មានចិន Global Times បានបញ្ជាក់ថា គោលនយោបាយចិនតែមួយគ្មានផ្លូវផ្លាស់ប្ដូរជាដាច់ខាត និងចាត់ទុកប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះគ្រាន់តែជា «ក្មេងបៀមដៃម្នាក់មិនយល់ពីការទូតអ្វីទាំងអស់»។ បន្ថែមពីលើនេះបទអត្ថាធិប្បាយដដែលបន្តទៀតថា បើសិនជាសហរដ្ឋអាមេរិកគាំទ្រដោយបើកចំហឱ្យតៃវ៉ាន់មានឯករាជ្យភាព នោះចិនក៏អាចធ្វើបានដូចគ្នា គឺគាំទ្រដល់សត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានព្រមានថានឹងលែងទទួលស្គាល់គោលនយោបាយចិនតែមួយបើសិនជាមិនមានកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងប៉េកាំងទេនោះ និងចាត់ទុកថា គោលនយោបាយចិនតែមួយនេះបានជំរុញទីក្រុងវ៉ាស៊ីនតោនកាត់ផ្ដាច់ចំណងការទូតមួយផ្នែកជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩៕