រាជធានីភ្នំពេញ៖មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី បានប្រាប់អ្នកកាសែតនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យប្តឹឲ្យលុបឈ្មោះជនបរទេសចំនួន៤៨៤០នាក់ ចេញពីបញ្ជីបោះឆ្នោតវិញ បន្ទាប់ពីគណបក្សបានរកឃើញថា អ្នកទាំងនោះមិនបានបំពេញលក្ខណៈតាមច្បាប់សញ្ជាតិរបស់កម្ពុជា ។
យ៉ាងណាក៏ដោយ លោកស្រី ម៉េង សុភារី បញ្ជាក់ថា ការប្តឹងឲ្យលុបឈ្មោះ គ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ បន្ទាប់មក យើងនឹងពិនិត្យមើលថា តើជនណាដែលយើងត្រូវប្តឹងទៅក្រសួងមហាផ្ទៃនិងទៅតុលាការ បន្តទៀត ទាក់ទិននឹងការប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្នុងការមកចុះឈ្មោះបោះឆ្នោត រួមទាំងការប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអត់ស្របច្បាប់ ។
ទាក់ទិនករណីនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ដំណាក់កាលនេះ គ.ជ.ប មិនទាន់អាចបង្ហាញបានថា តើមានឈ្មោះជនបរទេសប៉ុន្មាននាក់ ដែលបានចុះឈ្មោះរួច ហើយត្រូវលុបចេញពីបញ្ជីវិញ ដោយសារតែពួកគេមិនបានបំពេញលក្ខណៈសញ្ជាតិនោះទេ ដោយថាត្រូវរងចាំថ្ងៃបិទប្រកាសបញ្ជីដំបូងនៅដើមខែក្រោយជាមុនសិន ។ ប៉ុន្តែក្រោយបិទបញ្ចប់ការចុះឈ្មោះ គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន៩៧ លោកថាក្នុងនោះមាន៤បណ្តឹង ប្តឹងពីជនបរទេសដែលបានចុះឈ្មោះរួចហើយ៕