ពួក​ឧទ្ទាម​ដកខ្លួន​ចេញពី​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

ស៊ី​រី​៖​ការតស៊ូ​របស់​ពួក​ឧទ្ទាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជាច្រើន​ឆ្នាំ​ព្រមទាំង​ការឡោមព័ទ្ធ​និង​ការទម្លាក់​គ្រាប់បែក​ជាច្រើន​ខែ ខណៈដែល​ពួក​ឧទ្ទាម​បាន​យល់ព្រម​ដើម្បី​ដកខ្លួន​នៅក្នុង​បទ​ឈប់​បាញ់​មួយ​។​
​សមរភូមិ​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​សង្គ្រាមស៊ីវិល​អាក្រក់​បំផុត​មួយ​ដែល​បាន​នាំ​ឲ្យ​ប្រទេស​មហាអំណាច​ពិភពលោក​និង​ក្នុង​តំបន់​ចូលរួម​គឺ​បានបញ្ចប់​ជាមួយនឹង​ការទទួល​ជ័យជម្នះ​សម្រាប់​លោក​ប្រធានាធិបតី​ស៊ី​រី​បា​សារ​អាល់​អាសាដ​និង​ក្រុមចម្រុះ​យោធា​របស់លោក​នៃ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់​និង​កងជីវពល​និកាយ​ស៊ី​អ៊ី​ត​ក្នុង​តំបន់​។​
​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Churkin បាន​ប្រាប់​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ថា “​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ យើង​បានទទួល​ព័ត៌មាន​ថា សកម្មភាព​យោធា​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​បាន​បញ្ឈប់ វា​បាន​បញ្ឈប់​ហើយ​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បង្កើត​ការត្រួតពិនិត្យ​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​”​។​
​មន្ត្រី​ក្រុម​ឧទ្ទាម​បាន​និយាយថា ការប្រយុទ្ធ​គ្នា​បានបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ​ចំណែក​ប្រភព​នៃ​សម្ព័ន្ធភាព​យោធា​គាំទ្រ​លោក​អាសាដ​បាន​ឲ្យ​ដឹងថា ការជម្លៀស​អ្នក​ប្រយុទ្ធ​បានចាប់ផ្តើម​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​។ សេចក្តីរាយការណ៍​មួយ​របស់ Reuters នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា ស្នូរ​ផ្ទុះ​នៃ​ការទម្លាក់​គ្រាប់បែក​លែង​ត្រូវបាន​គេ​ឮ​ទៀតហើយ​។​
​ប្រភពពី​រដ្ឋាភិបាល​ទួរគី​បាន​លើកឡើងថា ក្រុម​អ្នក​ប្រយុទ្ធ​និង​គ្រួសារ​របស់​ពួកគេ​រួមជាមួយ​នឹង​ជន​ស៊ីវិល​នឹងមាន​ពេល​រហូតដល់​ល្ងាច​ថ្ងៃ​ពុធ​ដើម្បី​ចាកចេញ​ពី​ទីក្រុង​នេះ​។ បទ​ឈប់​បាញ់​នេះ​ត្រូវបាន​ចរចា​ដោយ​ប្រទេស​ទួរគី​និង​រុស្ស៊ី​ដោយ​គ្មាន​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​។​
​មេបញ្ជាការ​ម្នាក់​នៃ​ក្រុម​ឧទ្ទាម Jabha Shamiya បាន​និយាយថា អា​ឡេ​ប៉ូ​គឺជា​ការទទួល​ជ័យជម្នះ​ផ្នែក​ស្មារតី​សម្រាប់​ក្រុម​បះបោរ​។ មេបញ្ជាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​ប្រាប់ Reuters ថា “​ខ្ញុំ​សង្ឃឹមថា គ្រប់យ៉ាង​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​”​។​
​គួរ​បញ្ជាក់ថា ស្ថានភាព​នៃ​ជន​ស៊ីវិល​បាន​បង្ក​ឲ្យ​មាន​កំហឹង​ជា​សកល​បន្ទាប់ពី​ការវាយលុក​ដោយ​កងទ័ព​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​ទូទាំង​ទឹកដី​របស់​ក្រុម​ឧទ្ទាម​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​មកនេះ​។​
​កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​របាយការណ៍​ដែល​ខ្លួន​បានទទួល​ដែលថា ទាហាន​ស៊ី​រី​និង​ពួក​យុទ្ធជន​សម្ព័ន្ធមិត្ត​អ៊ីរ៉ាក់​បាន​បាញ់សម្លាប់​មនុស្ស ចំនួន​៨២​នាក់​នៅក្នុង​សង្កាត់​កាន់កាប់​ឡើងវិញ​នៃ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​៕

syria-army-russia-1024