ខេត្តកំពត៖មានករណីអំពើឃាតកម្មមួយបានបង្កឲ្យមានការតក់ស្លុត និងភ្ញាក់ផ្អើល ដោយសារឃាតកចិត្តកំណាចសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំដែលករណីនេះកើតឡើងនៅព្រឹកទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ មុខរបរ ជាស្មៀនឃុំកោះតូច នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ឃាតកចិត្តកំណាចសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំ ពេលនេះកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនបានហើយនៅផ្លូវទៅអូរឈើទាល ស្ថិតក្នុងក្រុងព្រះសីហនុ ហើយកម្លាំងជំនាញបានរំដោះបានកូនប្រុសម្នាក់ទៀត ដែលជនសង្ស័យយកទៅជាមួយ និងដកហូតបានរថយន្ដម៉ាក Corola មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-1565។
ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញរបស់លោក កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅនគរបាលខេត្តកំពតវិញ ហើយក្រោយសួរនាំជនសង្ស័យនេះ មិនមានជាមនុស្សសរសៃប្រសាទដូចការសិន្នដ្ឋានដំបូងឡើយ៕