រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបុរសរូបនោះបានបង្ខំក្មួយស្រីអាយុទើប១១ឆ្នាំរំលោភសម្រេចដល់ទៅ៤ដង ចុងក្រោយបែកការណ៍។ ការឃាត់ខ្លួនបុរសល្មោភកាមនោះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិក្បាលកោះ ស ង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសជនល្មោភកាមនោះមានឈ្មោះ ស៊ឹម ម៉ុក អាយុ៣៣ឆ្នាំ មុខរបរនេសាទ មានទាំងប្រពន្ធ និងកូន ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ ថ.ស.ធ.រ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាក្បាលកោះ ហើយរូបនាងជាក្មេងកំព្រាឪពុក។
តាមការរៀបរាប់ពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា ដោយសារតែឃើញកូនស្រីមានអាការៈស្លេកស្លាំងយ៉ាងខ្លាំង ទើបគាត់សួរនាំក៏បែកធ្លាយរឿងក្មេងស្រីនោះត្រូវបានពូ ចាប់រំលោភរហូតសម្រេច៤ដងតែម្តង។ ក្រោយដឹងរឿងបែបនេះស្ត្រីជាម្តាយក៏បានដាក់ពាក្យប្តឹងនគរបាលមូលដ្ឋានប៉ុស្ដិ៍កោះដាច់ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់៕