ខឹង​ឲ្យ​យក​កូន​ចេញ​មិន​ព្រម វាយ​បែក​ភ្នែក ហើយ​ម​មុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ម្នាក់​បាន​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​បែក​ភ្នែក និង​ហើម​មុខ​យ៉ាងខ្លាំង ព្រោះតែ​ខឹង​ឲ្យ​នាង​យក​កូន​ក្នុង​ផ្ទៃ​ចេញ​មិន​ព្រម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​វត្ត​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ចូក ស្រី​នាង អាយុ​៣៤​ឆ្នាំ មុខរបរ​ដើរ​បេះ​ត្រកួន​លក់ ចំណែកឯ​បុរស​ជា​ប្តី​មានឈ្មោះ សឹម មុខរបរ​ធ្វើការ​សំណង់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បើតាម​ស្ត្រី​រងគ្រោះ​រៀបរាប់ថា រូបគាត់ និង​ប្តី​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ដោយ​មិនបាន​រៀបការ​អ្វី​ឡើយ ហើយ​រូបគាត់​បច្ចុប្បន្នកំពុង​តែមាន​ផ្ទៃពោះ​២​ខែ​ផងដែរ​។ នៅ​ថ្ងៃកើតហេតុ​ប្តី​របស់គាត់​បាន​បង្ខំ​ឲ្យ​គាត់​យក​កូន​ចេញ តែ​គាត់​មិន​ព្រម​ក៏​ឈ្លោះប្រកែក​គ្នា ហើយ​ឈានដល់​ការប្រើ​ហិង្សា​វាយ​មកលើ​រូបគាត់​បែក​ភ្នែក និង​ហើម​ពេញមុខ​តែម្តង​។​
​ក្រោយ​ត្រូវ​ប្តី​វាយ​ធ្វើបាប​រួចមក ដោយសារតែ​ខ្លាច​ប្តី​តាមរក​ឃើញ​វាយ​ធ្វើបាប​ទៀត គាត់​ក៏បានរ​ត់ទៅ​ពួន​សម្ងំ​នៅក្នុង​វត្ត​កំបូល ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ប្រទះឃើញ ក៏​ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​តែម្តង​៕

kn-2-768x432