ខេត្តស្ទឹងត្រែង៖កុមារីរងគ្រោះម្នាក់ត្រូវឪពុកចុងខ្លួនគម្រាមចាប់រំលោភបានសម្រេចរហូតជាង១០ដងដឹងរឿងដល់ម្តាយបង្កើតទៅដាក់ពាក្យបណ្តឹងត្រូវកម្លាំងនគរបាលកណ្តាលព្រហ្មទណ្ឌខេត្តឃាត់ខ្លួនរួចបញ្ជូនទៅតុលានៅព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦នេះ។ ការឃាត់ជនល្មោភកាមជាឪពុកចុងនោះបានធ្វើឡើងកាលពីវេលាម៉ោង១៣ និង៣០ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រៃចាស់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។
យោងតាមពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះឈ្មោះ គូ ប៊ូខៃ អាយុ៣៤ឆ្នាំ ចុះថ្ងៃទី១៩ធ្នូ២០១៦ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនភ្លាមៗផងដែរបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
សមត្ថកិច្ចអោយដឹងថា ជនសង្ស័យ(ឪពុកចុង)ដែលឃាត់ខ្លួនខាងលើឈ្មោះ ចាយ ចៅនី រស់នៅភូមិស្តៅ០១ឃុំស្តៅស្រុកសេសានខេត្តស្ទឹងត្រែង។ ចំណែកកុមារីរងគ្រោះឈ្មោះ ថ.ណ អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា។
កុមារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងមកខ្លួនកំពុងដេកនៅក្នុងបន្ទប់ក៏ស្រាប់តែឪពុកចុងឈ្មោះ ចាយ ចៅនី ចូលមកស្ទាបអង្អែលលើខ្លួន រួចគម្រាមថា បើហ៊ានប្រាប់ម្តាយឯងអញមិនអោយគ្រួសារហ្នឹងមានសេចក្តីសុខទេ ហើយក៏រំលោភបានសម្រេចតែម្តង។ នាងបន្តថា បានមួយសប្តាហ៍ក្រោយមក ឪពុកចុងខ្លួនបានលួងនាងចាប់រំលោភបានសម្រេចថែមទៀត និងក្រោយៗទៀតឪពុកចុងរបស់នាងបានចាប់រំលោភសម្រេចជាបន្តបន្ទាប់រហូតដល់១០ដងទើបម្តាយបង្កើតដឹងរឿងក៏ដាក់ពាក្យបណ្តឹងតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ និងគម្រាមកុមារីជាកូនចុងរបស់ខ្លួនប្រាកដមែន។ កម្លាំងនគរបាលកណ្តាលព្រហ្មទណ្ឌបានកសាង និងរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
គំរាមរំលោភកូនស្រីចុងសម្រេចជាង១០ដងទើបបែកការណ៍