ដោយ៖ប៉ែន សុផល
បាត់ដំបង៖សម្តេចក្រឡាហោមស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថារឿងគ្រឿងញៀនមិនដូចគ្រោះថ្នាក់ចរាចរណ៍ទេព្រោះគ្រឿងញៀនពាក់ព័ន្ធនិងការដោះស្រាយហើយមិនទាន់មានថ្នាំព្យាបាល។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សាមួយខ្នងនិងសមិទ្ធិផលនានាក្នុងសាលាបឋមសិក្សាកង្ហត ព្រមទាំងអគារប៉ុស្តិ៍សុខភាព កន្ទឺ១ ស្ថិតនៅក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ជុំ ញ៉ អភិបាលនៃគណៈអភិបាលស្រុកបាណន់បានឡើងមានប្រសាសន៍ពីការរីកចំរើន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិទើបធ្វើអោយប្រទេសមានការរីកចម្រើន ពិសេសក្នុងស្រុកបាណន់ទាំងមូលដែលទទួលបានសមិទ្ធផលជាច្រើនពិសេសការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ដូចជា ប្រព័ន្ធធារាសាស្ត្រ អគារសិក្សា ព្រះវិហារ ប៉ុស្តិ៍សុខភាព និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សាលាឃុំជាដើម។ល។
នៅក្នុងពិធីនេះផងដែរ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រឿងគ្រឿងញៀនមិនដូចគ្រោះថ្នាក់ចរាចរណ៍ទេព្រោះគ្រឿងញៀនវាពាក់ព័ន្ធនិងការដោះស្រាយគឺអ្នកដែលញៀនហើយអត់ទាន់មានថ្នាំណាព្យាបាលជាទេ ពេលយកទៅដាក់មួយកន្លែងហើយពេលចេញមកវិញមិនដល់បីថ្ងៃផងប្រើប្រាស់វិញដដែល ហើយបញ្ហាដោះស្រាយគ្រឿងញៀនទាំងមេខ្លោងទាំងអ្នករកស៊ីចែកចាយរាយរងតាមផ្លូវច្បាប់ត្រូវតែមានទោសតែបើសិនជាចាប់អ្នកដែលចែកចាយគ្រឿងញៀនតើមានគុកឯណាដាក់តួលេខបណ្តោះអាសន្នទូទាំងប្រទេសមានចំនួន១៨០០០នាក់ដែលពាក់ព័ន្ធនិងគ្រឿងញៀន។
សម្តេច ស ខេង បន្តទៀតថា នៅថ្ងៃទី២២ខាងមុខនេះសម្តេចនិងប្រកាសបើកយុទ្ធនាការលើកទី១សំរាប់តែសមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធនានាប៉ុន្តែនៅលើកក្រោយៗទៀតនិងអំពាវនាវអោយចូលរួមទាំងអស់រាប់ទាំងសិល្បះក សារពត៌មាន អាជីវករ ម្ចាស់ខារ៉ាអូខេ និងក្រុមហ៊ុនរថយន្តដឹកជញ្ជូនផង ដើម្បីចូលរួមចំណែកទាំងអស់គ្នាអោយប្រជាពលរដ្ឋគ្រប់គ្រងកូនចៅកុំអោយជក់និងប្រើប្រាស់គ្រឿងញៀន -គ្រប់គ្រងអង្គភាពកុំអោយមានមន្ត្រីណាឬយុទ្ធជនណាប្រើប្រាស់គ្រឿងញៀនឬលក់គ្រឿងញៀន
-នៅក្នុងសាលាមិនអោយសិស្សគ្រូ និស្សិតជក់ឬប្រើប្រាស់គ្រឿងញៀនទាំងនេះហើយជាការចូលរួមចំណែកទាំងអស់គ្នាដើម្បីទប់ស្កាត់និងបំបាត់បញ្ហាគ្រឿងញៀន៕
សម្តេច ស ខេង ៖ រឿងគ្រឿងញៀនមិនដូចគ្រោះថ្នាក់ចរាចរណ៍ទេ