ISIS ចេញមុខ​ទទួលខុសត្រូវ​ករណី​វាយប្រហារ​នៅ​អាល្លឺម៉ង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

អាល្លឺម៉ង់​៖​ក្រុម​ឧទ្ទាម ISIS បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាលពី​វេលាយប់​ថ្ងៃ​ច័ន្ទ​កន្លងមកនេះ​ដោយ​បើក​ឡានធំ​បុក​រះ​ហ្វូងមនុស្ស​នៅក្នុង​ផ្សារ​មួយកន្លែង​ដែល​គេ​រៀបចំឡើង​ត្រៀម​សម្រាប់​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ណូអែល​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​ឲ្យ​មាន​មនុស្ស​របួស​ជាង ៥០​នាក់ និង ១២​នាក់​ផ្សេងទៀត​ត្រូវបាន​បាត់បង់​ជីវិត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​បុរស​សញ្ជាតិ​ប៉ា​គី​ស្ថាន​អាយុ​២៣​ឆ្នាំ​ម្នាក់​ផងដែរ​មាន​ឈ្មោះថា Naved .B ដោយ​ត្រូវបាន​គេ​សង្ស័យថា គឺជា​អ្នក​ដែលមាន​ទាក់ទង​នឹង​ការ​បើកឡាន​បុក​រះ​នេះ តែ​ប៉ូលិស​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​អះអាងថា ជនសង្ស័យ​រូបនេះ​មិនមែនជា​ជនល្មើស​ពិតប្រាកដ​។​
​ក្រុម ISIS តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ Amaq បាន​អះអាងថា អ្នកបើកបរ​រថយន្ដ​កា​មី​ញ៉ុ​ង​គឺជា​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​របស់ខ្លួន ហើយ​ថែមទាំង​បញ្ជាក់ថា ការវាយប្រហារ​នេះ ធ្វើឡើង​ដើម្បី​ជាការ​សង​សឹង​ចំពោះ​បណ្ដា​ប្រទេស ដែល​បាន​ចូលរួម​ក្នុង​ក្រុមចំរុះ​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕

fn-2016-12-21-09-14-38-0