រាជធានីភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានប្រាប់អ្នកសារព័ត៌មានថា រឿងឃាតកម្មលោក កែម ឡី ពេលនេះ សំណុំរឿងបានទៅដល់ដៃតុលាការហើយ ហើយករណីដែលគណកម្មការទី១ រដ្ឋសភាបានដាក់លិខិតមកកាន់លេខាធិការដ្ឋាននៃរដ្ឋសភាដើម្បីស្នើសុំកោះហៅសម្តេច ស ខេង ឲ្យមកឆ្លើយពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មលោក កែម ឡី នេះ គណកម្មការកំពុងតែពិភាក្សាជាមួយរដ្ឋសភាពីការកោះហៅនេះ ដោយសារមូលហេតុនៃការផុតដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ការកោះអញ្ជើញសម្តេចក្រឡាហោមមកឆ្លើយបំភ្លឺពីរឿងករណីឃាតកម្មលើលោក កែម ឡី នោះដូចជាអត់មានអី ដែលសម្តេចក្រឡាហោមត្រូវឆ្លើយទេព្រោះតែ វាបានដល់ដៃតុលាការយូរមកហើយ ។
ទោះជាយ៉ាងណាបើតាមលោក ឡេង ប៉េងឡុង ថាប្រសិនជាគណកម្មការទី១នៅតែចង់ឲ្យសភាកោះអញ្ចើញលោក ស ខេង នោះលោកថារដ្ឋសភាក៏រៀបចំឲ្យមានការឆ្លើយបំភ្លឺនោះផងដែរ។
សូមជម្រាបថា លោក អេង ឆៃងអ៊ាង ប្រធានគណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ធ្លាប់បានបញ្ជាក់ថា គណកម្មការរបស់លោកមានគម្រោងកោះអញ្ចើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ឲ្យមកឆ្លើយបំភ្លឺទាក់ទងនឹងឃាតកម្មលោក កែម ឡី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ខាងមុខ ។ ទន្ទឹមនោះគណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនាឲ្យបំភ្លឺពីចំណាត់ការរបស់តុលាការទាក់ទងនឹងឃាតកម្មលោក កែម ឡី នេះផងដែរ៕