ហ្វីលីពីន៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ កាលពីម្សិលមិញបានប្រកាសថា លោកនឹងលុបបំបាត់ចោលឲ្យអស់នូវល្បែងផ្សេងៗតាមអ៊ិនធើណែតនៅក្នុងប្រទេសហ្វីលីពីនទាំងមូល។ លោក ឌូតើតេថ្លែងបែបនេះ គ្រាដែលលោកប្រកាសពីថវិកាជាតិឆ្នាំ២០១៧។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
ជាមួយគ្នានេះប្រធានាធិបតីហ្វីលីពីនបានសម្តែងការព្រួយបារម្ភ ខ្លាចប្រទេសរបស់លោក រងគ្រោះដោយសារឧស្សហកម្មល្បែងតាមប្រព័ន្ធអ៊ិនធើណែតបំផ្លាញ ហើយកាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានលុបចោសសិទ្ធិរបស់ក្រុមហ៊ុនល្បីឈ្មោះមួយដែលទទួលបានសិទ្ធិ១៣ឆ្នាំមកនេះ ក្នុងការបើកឲ្យលេងល្បែងតាមអ៊ិនធើណែតនៅកន្លែងកាហ្វេ។ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីគម្រោងលម្អិតក្នុងការលុបបំបាត់នេះទេ។
គួរបញ្ជាក់ថា ការលេងល្បែងតាមអ៊ិនធើណែត ហ្វីលីពីនគឺជាប្រទេសមួយល្បីនៅអាស៊ី ហើយទាក់ទាញជនបរទេសទៅលេងល្បែងនៅទីនោះ តាមរយៈក្រុមហ៊ុនជួយសម្របសម្រួល៕