រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋជាច្រើនក៏បាននាំគ្នារត់ចេញមកមើលបន្ទាប់ពីឮសូរប្រាវ ក៏ស្រាប់តែប្រទះឃើញបុរសម្នាក់បែកក្បាលស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកកស្ទះចរាចរណ៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅអគារសាងសង់មួយក្បែរផ្សារទំនើប Pencil ទល់មុខសណ្ឋារគារកាំបូឌីយ៉ាណា ស្ថិតនៅសង្កាត់ចុតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីអ្នកនៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់អង្គុយលក់ដូរដូចធម្មតា មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងលាន់ធ្លាក់អ្វីម្យ៉ាង ហើយគាត់រត់ទៅមើលទើបដឹងថា ជាមនុស្សមានអាយុប្រហែល២៦ឆ្នាំ បានហូរឈាមតាមក្បាលស្លាប់នៅនឹងកន្លែង។
ដោយឡែកសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះធ្លាប់ញៀនថ្នាំ ហើយកន្លងមកខាងសាលាខណ្ឌដូនពេញធ្លាប់ចាប់បានចំនួន២ដងបញ្ជូនទៅមជ្ឈមណ្ឌលឱអាកាសខ្ញុំរួចមកហើយ ហើយមុនពេលកើតហេតុជនបែកថ្នាំនោះបានឡើងលើដំបូងផ្ទះប្រជាពលរដ្ឋ ដោយជាន់លើប្រអប់កាប៊ីនភ្លើង រួចលោតចុះក្រោមបោកក្បាលនឹងស្នួហាលខោអាវក្បែរនោះដួលបោកក្បាលនឹងថ្នល់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តសំបួរមាស បើមានបងប្អូនណាស្គាល់ជនរងគ្រោះ ឬសាច់ញាតិបានដឹងមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕