បើកសវនាការរឿងយុវជនម្នាក់ពាក់ព័ន្ធនឹងការអំពាវនាវធ្វើបដិវត្តន៍ពណ៌
រាជធានីភ្នំពេញ៖តុលាការកំពូលនៅព្រឹកមិញនេះ បានបើកសវនាការលើបណ្តឹងជំទាស់របស់ យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទពាក់ព័ន្ធនឹងការអំពាវនាវធ្វើបដិវត្តន៍ពណ៌ កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ។
គួរបញ្ជាក់ថា តុលាការឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យយុវជន គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ខណយុវជនរូបនោះបង្ហោះនៅក្នុងប្រព័ន្ធហ្វេសប៊ុក Soriya Koko ថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕