ខេត្តកំពង់ស្ពឺ៖ប្រតិបត្តិការរយៈពេល២ថ្ងៃរបស់សមត្ថកិច្ចជំនាញបានបញ្ចប់ក្រោយវាស់វែងឈើប្រណីតនៅផ្ទះឈ្មួញឈើ ជឿង ថេង ដោយលទ្ធផលបានរកឃើញឈើប្រណីតប្រភេទធ្នង់ និងម្រិញ ព្រមទាំងឈ្លីកជាច្រើនម៉ែត្រគូប ។ ក្រោយវាស់វែងរួចសមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើសំរោងទង ដើម្បីបន្តនីតិវិធីឲ្យម្ចាស់ឈើចូលមកបង់ពិន័យតាមច្បាប់ព្រៃឈើ ។
មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថា ប្រតិបត្តិការវាស់វែងត្រូវបានបញ្ចប់កាលពីព្រលប់ថ្ងៃទី២២ ធ្នូ ដោយបានដឹកឈើតាមរថយន្តធំចំនួន៤គ្រឿងយកទៅរក្សាទុកដើម្បីចាត់ការបន្តទៀត ។ ករណីនេះម្ចាស់ឈើ (ជឿង ថេង)អាចចូលខ្លួនបង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ ហើយបើមិនចូលខ្លួនមកទេ ខាងតុលាការនឹងចាត់វិធានការបន្ត ចំណែកឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។
មន្ត្រីដដែលបន្តថា ឈើសរុបមានធ្នង់២៩៨ដុំ ស្មើនឹង១៥,៥៣១ម៉ែត្រគូប ឈើឈ្លីក២១ដុំ ស្មើនឹង១,១២៩ម៉ែត្រគូប និងឈើម្រិញ(រាជកុល)៥១ដុំ ស្មើនឹង៤១,១៧៧ម៉ែត្រគូប ដូច្នេះឈើសរុបទាំងអស់ស្មើនឹង៥៧,៨៣៧មែត្រគូប បើសរុបជាទឹកប្រាក់បង់ពិន័យវិញមានចំនួនរាប់ម៉ឺនដុល្លារឯណោះ មិនដឹងថា តើឈ្មួញឈើរូបនេះហ៊ានចូលមកបង់ពិន័យឬក៏អត់នោះទេ ព្រោះពេលនេះកំពុងរត់គេចខ្លួន ខណៈដែលខាងប៉េអឹមលើផ្ទៃប្រទេសតាមរកចាប់ខ្លួនដូចគ្នា ។
ការចាប់បង្ក្រាបឈ្មួញឈើដ៏ធំប្រចាំស្រុកឱរ៉ាល់នេះ មហាជនបានសម្តែងការគាំទ្រដល់កម្លាំងកងរាជអាវុធហត្ថយ៉ាងខ្លាំង ព្រោះពីមុនមកមិនដែលមានសមត្ថកិច្ចណាមួយហ៊ានបង្ក្រាបឡើយ ។ និយាយរួមអស់លោកសមត្ថកិច្ចទាំងនោះបានត្រឹមអង្គុយចាំទទួលលាភសក្ការៈប៉ុណ្ណោះពីឈ្មួញឈើរូបនេះ ដោយអ្នកខ្លះបានទទួលក្នុង១ជើងចាប់ពី២០០ដុល្លារទៅ២៥០ដុល្លាក្នុង១ឡាន ចំណែកអ្នកខ្លះទៀតបានទទួលសេវាប្រវាំខែ ចាប់ពី១៥០០ដុល្លារទៅ២០០០ដុល្លារពីឈ្មួញម្នាក់នេះ ៕