រាជធានីភ្នំពេញ៖អាកាសធាតុនឹងចុះត្រជាក់ខ្លាំងមានពី១៦-១៨អង្សាសេនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៦ ធ្នូ ២០១៦ នេះ។
សេចក្តីជូនដំណឹងដដែលបានពន្យល់ថា មូលហេតុដែលខេត្តចំនួន៤នៅតំបន់ខ្ពង់រាប និងជួរភ្នំ អាចនឹងមានសីតុណ្ហភាពអប្បបរមាចុះក្នុងរង្វង់១៦-១៨អង្សាសេខាងលើនេះ ដោយសារកម្ពុជាបាននិងកំពុងទទួលរងឥទ្ឋិពលខ្យល់មូសុងឦសាន នៅសមុទ្រចិនខាងត្បូងមានកើតឡើងនូវសម្ពាធទាបមួយដែលវានឹងបង្កើនឥទ្ឋិពលមកព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះមានខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ែលិនអាកាសធាតុនឹងចុះត្រជាក់នូវសីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៨-២០អង្សាសេ ។បណ្តារាជធានី និងខេត្តដទៃទៀត ៖ មានពី១៩-២០១អង្សាសេ ។ រីឯតំនប់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ៕