អេហ្ស៊ីប៖មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានបញ្ជាឲ្យឃុំខ្លួនអ្នកកាសែតទូរទស្សន៍ Al Jazeera ម្នាក់រយៈពេល១៥ថ្ងៃលើការចោទប្រកាន់ពីបទញុះញង់និងប្រឌិតព័ត៌មាន។
វាគឺជាសកម្មភាពថ្មីបំផុតប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយមានមូលដ្ឋាននៅប្រទេសកាតាមួយនេះដែលប្រទេសអេហ្ស៊ីបបានចោទប្រកាន់នៃការគាំទ្រប្រធានាធិបតីមូស្លីមទម្លាក់ចេញពីតំណែងលោក Mohamed Morsi ។
លោក Mahmoud Hussein ដែលជាជនជាតិអេហ្ស៊ីបវ័យ៥១ឆ្នាំបានជិះយន្តហោះទៅកាន់ទីក្រុងគែរកាលពីថ្ងៃអង្គារសម្រាប់ថ្ងៃឈប់សម្រាកជាលក្ខណៈគ្រួសារមួយប៉ុន្តែត្រូវបានបញ្ឈប់និងសួរចម្លើយនៅឯព្រលានយន្តហោះជាច្រើនម៉ោងមុនពេលត្រូវបានដោះលែង។
កាលពីថ្ងៃសុក្រ ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់គាត់នៅទីក្រុងគែរនិងបានចាប់ខ្លួនគាត់តែម្តង។ គាត់ត្រូវបានសាកសួរជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅពេលដែលព្រះរាជអាជ្ញាបានសម្រេចចិត្តឃុំខ្លួនគាត់រយៈពេល១៥ថ្ងៃ។
មន្ត្រីរដ្ឋអាជ្ញាបាននិយាយថា លោក Hussein នឹងត្រូវបានឃុំខ្លួនដើម្បីរង់ចាំការស៊ើបអង្កេតអំពីការចោទប្រកាន់ថា លោកបានញុះញង់ប្រឆាំងនឹងរដ្ឋហើយផ្សាយព័ត៌មានក្លែងក្លាយនិងខ្សែភាពយន្តឯកសារនានា។
ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការចោទប្រកាន់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រសួងបានលើកឡើងថា លោក Hussein គឺបានជាប់ពាក់ព័ន្ធនៅក្នុងផែនការរបស់ទូរទស្សន៍ Al Jazeera ដែលមានគោលបំណងបង្កឲ្យមានភាពមិនចុះសម្រុងនិងញុះញង់ប្រឆាំងនឹងស្ថាប័នរដ្ឋហើយផ្សាយព័ត៌មានមិនពិតព្រមទាំងសេចក្តីរាយការណ៍ប្រឌិតនិងខ្សែភាពយន្តឯកសារ។
កាលពីខែវិច្ឆិកា ទូរទស្សន៍ Al Jazeera បានផ្សាយភាពយន្តឯកសារមួយដែលមានចំណងជើងថា “The Soldiers” ដែលអតីតទាហានបានរៀបរាប់អំពីសេវាយោធាកំហិតនៅក្នុងប្រទេសអេហ្ស៊ីបដែលនាំឲ្យមានការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិក្នុងឆ្នាំ២០១៣នៅពេលដែលខ្លួនបានចាប់ខ្លួនអ្នកកាសែត Al-Jazeera បីនាក់ដោយក្នុងនោះរួមមានជនជាតិកាណាដាម្នាក់និងអូស្ត្រាលីម្នាក់ផងដែរហើយបានផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារលើបទចោទប្រកាន់ស្រដៀងគ្នានេះ៕