ខេត្តកណ្តាល៖មានករណីមួយបានកើតឡើងដោយសារតែផឹកស៊ីស្រវឹងទើបបណ្តាលអោយមានទាស់សំដីគ្នាបន្តិចបន្តួចធ្វើអោយ លោក អឹង សែ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលគេស្គាល់ថា ជាតៃកុងឡាន អភិបាលរងខេត្តកណ្តាលនោះ។ បច្ចុប្បន្នមានទីលំនៅភូមិវាលត្រែងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។នៅក្នុងករណីបង្កជម្លោះលោក អឹង សែ នេះបានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ទៅលើឈ្មោះ ហុក សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅកើតហេតុ។
ប្រភពរាយការណ៍បានអោយដឹងថា លោក អឹង សែ ជាមន្ត្រីនគរបាលតែមានតួនាទីបើកឡានអោយលោកអភិបាលរងខេត្តនេះ បានផឹកស្រាបៀរ ABC អស់ប្រហែល៦កំប៉ុងក៏ស្រវឹង ហើយក៏បានទាស់សំដីគ្នាក្នុងវង់ផឹកស៊ី ហើយខណៈពេលនោះលោក អឹង សែ នេះក៏បានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះតែម្តង។ ក្រោយកើតហេតុពលរដ្ឋរងគ្រោះសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងចុះធ្វើការឃាត់ខ្លួនសង្ស័យនោះនាំមកទីស្នាក់ការស្រុកដើម្បីសួរនាំ ក៏ប៉ុន្តែជនសង្ស័យនេះត្រូវបានសមត្ថកិច្ចប៉េអឹមស្រុកស្អាងធ្វើការឃាត់ខ្លួនបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះត្រូវបានដោះលែងដោយរលូនទៅវិញ។
បើតាមប្រភពមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ការដោះលែងនេះ ដោយសារតែមានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។ ប្រជាពលរដ្ឋរងគ្រោះសូមអំពាវនាវដល់លោកអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល មេត្តាគួរតែចាត់កម្លាំងពិសេសចុះពិនិត្យនឹងសាវជ្រាវករណីនេះសាជាថ្មីឡើងជាបន្ទាន់ ពីព្រោះវានឹងបង្កអោយបាត់នូវប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ៕