អ៊ូហ្គង់ដា៖មន្ត្រីប៉ូលិសអ៊ូហ្គង់ដានៅតំបន់កើតហេតុបានឲ្យដឹងថា មកទល់ព្រឹកថ្ងៃចន្ទនេះសាកសពមនុស្សចំនួន០៩នាក់ ត្រូវបានគេរកឃើញ និងអ្នកដំណើរចំនួន១៥នាក់ផ្សេងទៀតត្រូវគេជួយសង្គ្រោះបានទាន់ពេលវេលា ហើយក្រុមអ្នកនេសាទក៏កំពុងតែស្វះស្វែង ជួយអាជ្ញាធរដើម្បីតាមរកជនរងគ្រោះជាង២០នាក់ទៀត ដែលនៅតែបន្តបាត់ខ្លួននៅឡើយផងដែរ។
នេះបើតាមសម្តីមន្ត្រីប៉ូលិសអ៊ូហ្គង់ដាដែលចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានលង់ទឹកនៅក្រោយពេលដែលទូកផ្ទុកកីឡាករបាល់ទាត់មួយក្រុម រួមជាមួយនិងអ្នកគាំទ្ររបស់ពួកគេបានក្រឡាប់លិច នៅលើបឹងអាល់បឺត (Lake Albert) ក្នុងប្រទេសអ៊ូហ្គង់ដា។
គួរបញ្ជាក់ដែរថា អ្នកដំណើរភាគច្រើនបានស្ថិតនៅក្នុងសភាពស្រវឹងជោក អំឡុងពេលពួកគេធ្វើដំណើរនៅលើទូក ដែលបានជួបគ្រោះថ្នាក់ ហើយមនុស្សមួយក្រុមនេះ មានគោលដៅចេញពីស្រុក Buliisa ដើម្បីទៅចូលរួមការប្រកួតបាល់ទាត់មួយ នាឱកាសនៃបុណ្យគ្រីស្មាស់នៅក្នុងស្រុក Hoima ដោយបានច្រៀងលេង យ៉ាងសប្បាយរីករាយនៅមុនពេលជួបសោកនាដកម្ម ដ៏គួរឲ្យស្តាយនេះ៕