បាងកក៖មនុស្សចំនួន៩នាក់ត្រូវបាននគរបាលថៃឃាត់ខ្លួនដោយសង្ស័យថា បានលួចចូលរំខានគេហទំព័ររបស់រដ្ឋាភិបាល ក្នុងគោលបំណងតវ៉ាប្រឆាំងចំពោះការធ្វើវិសោធនកម្មលើច្បាប់សន្តិសុខអ៊ិនធើណែត គ្រាដែលមានការរិះគន់ថា មានការរឹតបន្តឹងសេរីភាពខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ថ្លែងប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន៩នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការចូលរំខានគេហទំព័ររដ្ឋាភិបាល។ លោកបញ្ជាក់ថា ម្នាក់ក្នុងចំណោម៩នាក់នោះ ត្រូវបានចោទថារំលោភច្បាប់អ៊ិនធើណែត។ តែគេហទំព័រទាំងនោះរងការរំខានតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកក្រុមការងារជំនាញក៏ដោះស្រាយបានវិញ។
គួរបញ្ជាក់ថា រដ្ឋសភាថៃបានសម្រេចអនុម័តនៅក្នុងខែនេះក្នុងការធ្វើវិសោធនកម្មលើច្បាប់ឧក្រិដ្ឋកម្មអ៊ិនធើណែត នៅពេលដែលក្រុមការពារសិទ្ធិមនុស្សហាក់កំពុងតាមដានលើការងាររបស់រដ្ឋាភិបាលប្រព័ន្ធអ៊ិនធើណែត៕