មន្ទីរ​វប្បធម៌​ខេត្តកោះកុង​ក្លាយជា​មន្ទីរ​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ប្រធាន និង​អនុប្រធាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2015 ក+ ក-

​ខេត្តកោះកុង​៖ មន្ទីរ​វប្បធម៌​ខេត្តកោះ កុងបាន​ក្លាយជា​មន្ទីរ​គ្រួសារ​ប្រធាន​និង​អនុប្រធាន​មន្ទីរ​គឺ​ឪពុក​និង​កូន ដែល​បណ្តាល​ឲ្យ​មន្ត្រី​ជាច្រើន កំពុងតែ​ធុញថប​កើតការ​ក្តៅក្រហាយ​លើ​លោក ប្រធាន​មន្ទីរ អ៊ុក នឿន ដែល​ពោរពេញ​ទៅដោយ​អំពើពុករលួយ និង​គ្រួសារនិយម បង្ក​ឲ្យ​ការដឹកនាំ​ក្លាយជា​ផ្តាច់ការ​។​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​ក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​មកនេះ​គឺ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន ឃុបឃិត​ជាមួយ​លោក អូន សុគា​ម ដែលជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរិ​ញ្ញ​វត្ថុ​របស់​មន្ទីរ​និង​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់លោក​ប្រធាន​មន្ទីរ​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​យ៉ាង​ចាស់ដៃ​ដោយ​កឹ​ប​កេង​ថវិកាជាតិ​លើ​គ្រប់ជំពូក​ដែល ក្នុង​មួយឆ្នាំៗ​រដ្ឋ​ខាត់​បង់​ថវិកា​យ៉ាងតិច​២០០​លាន​រៀល​។​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា ក្រៅពី​ការប្រព្រឹត្តិ​អំពើពុករលួយ​នៅ ឆ្នាំ​២០១៤​ប្រធាន​មន្ទីរ​មួយ​នេះ​បាន​រត់ការ​តែងតាំង​កូនស្រី​បង្កើត ម្នាក់​ឈ្មោះ សម្បូរ ដាលីន ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​រដ្ឋ ឲ្យ​កាន់​តំណាង​ជា​អនុប្រធាន​មន្ទីរ ដោយ​ពុំបាន​ប្រជុំ​វាយតម្លៃ ពី​មន្ត្រី​ក្នុង​មន្ទីរ​ហើយក៏​បានតែងតាំង​កូនស្រី​បង្កើត​ម្នាក់ទៀត​ធ្វើជា​ប្រធានការិយាល័យ​បេ តិក​ភ័​ណ្ឌ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ចាស់ៗ​ជាច្រើន​កើតការ​ក្តៅក្រហាយ ព្រោះថា​លោក​ប្រធាន​គិតតែ​ពី​គ្រួសារ និង​សាច់ញាតិ ដោយ​មិន​គិតពី​គុណសម្បត្តិ​របស់​មន្ត្រី​ចាស់ៗ​ដែល​ខិតខំ​បំរើ​ការងារ​នោះឡើយ​។ ចំពោះ​ការដឹកនាំ​មន្ទីរ រក​ការងារ​ដែលមាន​ផលប្រយោជន៍​គឺ​លោក​ប្រធាន​មន្ទីរ​និង​លោក​ប្រធាន ការិយាល័យ​រដ្ឋបាល​ប្រមូល​យកទៅ​ក្តោប​ទាំងអស់​។​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា ដោយសារតែ​ការដឹកនាំ​មន្ទីរ​តាមបែប​គ្រួសារនិយម​និង​ការប្រព្រឹត្តិ អំពើពុករលួយ​បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​ដោយ​ឥតប្រយោជន៍​ក្នុង​មួយ ឆ្នាំ​យ៉ាងតិច​២០០​លាន​រៀល ហើយ​ថវិកា​ទាំងនេះ​បាន​ធ្លាក់ចូល​ក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន និង​បក្ខពួក​របស់លោក​ប្រធាន​២-៣​នាក់​តែប៉ុណ្ណោះ​។ ចំណែក​មន្ត្រី​ភាគច្រើន​ក្នុងចំណោម​មន្ត្រី​សរុប​ជាង​២០​នាក់​គឺ​មិន​ទទួល បាន​ផលប្រយោជន៍​ទេ​។ ហើយ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​គឺ មាន​គ្រប់​រូបភាព​ដូចជា​ការ​កឹ​ប​កេង​ប្រាក់​ថែទាំ​ជួសជុល របប​បេសកម្ម ប្រាក់​មន្ត្រី​មាន​ជំងឺ​និង​ប្រាក់​ទិញ​សម្ភារ​ផ្សេងៗ​មួយចំនួនធំ​ថែមទៀត  ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​គឺ​បាន​ចំណាយ ថវិកាជាតិ​សរុប​ជិត​៨០០​លាន​រៀល​ក្នុងនោះ​ជាង​២០០​លាន​រៀល​ដែលជា​បន្ទុក បុគ្គលិក​។ ក្រៅពីនោះ​ប្រាក់​ជាង​៥០០​លាន​រៀល​ទៀត​ដែល​មិនមែនជា​បន្ទុក​បុគ្គលិក​គឺ ត្រូវបាន​គេ​កឹ​ប​កេង​អស់​យ៉ាងតិច​២០០​លាន​រៀល ហើយ​ប្រាក់​ដែល​នៅ​សេសសល់​ទើប ត្រូវ​បាន​គេ​យកទៅ​ចំណាយ​លើ​ការងាររដ្ឋបាល និង​កិច្ចការ​ផ្សេងៗ​។ ហើយ​ចំពោះ​ប្រាក់​ដែល​គេ​កឹ​ប​កេង​បាន​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៤​នេះ គឺ​ប្រាក់​សំរាប់​ថែទាំ​និង​ជួសជុល​ដោយ​គេ​ចំណាយ​អស់​រហូតដល់​ជាង​៣០០​លាន រៀល ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង​លើ​ការធ្វើ​របង​មន្ទីរ​និង​ចាក់សាប​ក្នុង មន្ទីរ​អស់ប្រាក់​យ៉ាងច្រើន​ត្រឹម​១០០​លាន​រៀល​តែប៉ុណ្ណោះ​។ ដោយ មាន​បញ្ហា​បែបនេះ​ទើប​ធ្វើ​ឲ្យ​មន្ត្រី​ភាគច្រើន​នៅក្នុង​មន្ទីរ​ខាងលើ មិន​ពេញចិត្ត​ទៅនឹង​ប្រធាន​របស់ខ្លួន​នោះ​។​

សូម​រំលឹកថា នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​មាន​គម្រោង​ថវិកាជាតិ​សម្រាប់​ចំណាយ​សរុប​ប្រមាណ​៨២៧​លាន​រៀល ក្នុងនោះ​ជំពូក​៦០​មាន​ចំនួន​១២០​លាន​រៀល ជំពូក​៦១​មាន​ចំនួន​៣៥០​លាន​រៀល ជំពូក​៦២​មាន​ចំនួន​៨០​លាន​រៀល និង​ជំពូក​៦៤​មាន​ថវិកា​ចំនួន​២៧៧​លាន​រៀល​។

សម្រាប់​ការចំណាយ​ជាក់ស្តែង​ពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ​២០១៤​គឺ​មន្ទីរ​បាន​ចំណាយ​ថវិកា​សរុប​អស់​ជិត​៨០០​លាន​រៀល ហើយ​ការចំណាយ​ដែល​នៅសល់​នេះ​មិនមែន​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​របស់គាត់​ចង់​ទុក្ខ​ឲ្យ​សល់​ទេ ប៉ុន្តែ​ដោយសារ​និតិ​វិធី​ហិរិ​ញ្ញ​វត្ថុ​តែប៉ុណ្ណោះ​។​

​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន និង​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្តកោះកុង​បានទេ កាលពី​ថ្ងៃ ព្រហស្បតិ៍​សប្តាហ៍​មុននេះ​៕
-------------------

​​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកោះកុង​