គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៦ ស្លាប់​១.៥៧៦​នាក់ និង​របួស​៥.៩៦២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅក្នុង​ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣.៣៣៨​លើក​បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​១.៥៧៦​នាក់ និង​របួស ៥.៩៦២​នាក់ ក្នុងនោះ​អ្នករបួស​មាន​របួសធ្ងន់​៥៩%​។ នេះ​បើ​យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
​របាយការណ៍​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើឡើង​នា​រសៀល ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ភូមិសាស្ត្រ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៣៤៨​លើក ខេត្តកណ្តាល​ចំនួន ៣០៣​លើក និង​ខេត្តតាកែវ​ចំនួន​២៨៨​លើក​។ មូល​ហេតុដែល​បណ្តាលអោយ​មាន​គ្រោះថ្នាក់​គឺ​បើកបរ​លើស​ល្បឿន​កំណត់ ៤១% មិន​ប្រកាន់​ស្តាំ ១២% ស្រវឹង ១០% មិន​គោរព​សិទ្ធ ១២% វ៉ា​ជែង ១១% បត់​១០% កត្តា​យានយន្ត​៣% និង​ងងុយដេក​១%​។​
បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ថយ​ចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់​ថយ​ចំនួន ២៥៩​នាក់ ស្មើ​១៤% និង​អ្នករបួស​ថយ​ចំនួន ៥៩៦​នាក់ ស្មើ​៩%៕

untitled