រាជធានីភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យ CPP បានថ្លែងចំអកទៅលោក សម រង្ស៊ី ថាជាមនុស្ស កំសាកបំផុតដោយ មិនហ៊ានចូលស្រុកមិនហ៊ានប្រឈមមុខផ្លូវច្បាប់ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា យើងមិនបាច់ឆ្ងល់នោះទេ វាមិនមានរឿងអ្វីចម្លែកនោះទេ ពីព្រោះសម រង្ស៊ី និយាយដោយសារតែតុលាការ កាត់សេចក្តីដាក់ទោសគាត់ អីចឹងគាត់ម៉េច ស្រឡាញ់តុលាការ ។ គាត់និយាយនៅក្នុងអារម្មណ៍ របស់គាត់ដោយស្អប់តុលាការ ! ព្រោះតុលាការកាត់ក្តីគាត់ ហើយថ្ងៃនេះតុលាការកាត់ក្តី គាត់ឲ្យជាប់គុកប្រាំឆ្នាំទៀត វាសមនឹងសមទម្រង់ទោសគាត់ ដែលបានឃុំឃិតគ្នាជាមួយ ហុង សុខហួរ ដោយមិនធ្វើខ្លួនឯងទេ បែរជាឲ្យផេករបស់ខ្លួននៅលោក ហុង សុខហួរ បង្ហោះដើម្បីមួលបង្កាច់ គណបក្សប្រជាជនកម្ពុជា ថាចុះហត្ថលេខាលុបខ្សែ បន្ទាត់វៀតណាម-កម្ពុជា ។ អានេះហើយជាចំណុច ខុសឆ្គងដែលមិនអាច អត់ឱនឲ្យបាននោះទេ»។
ការថ្លែងចំអកបែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានហៅតុលាការក្រុងភ្នំពេញថា ជាអាយ៉ងរបស់អ្នកនយោបាយដែលកំពុងកាន់អំណាចបច្ចុប្បន្ន ។
លោក សុខ ឥសាន ក៏បានឲ្យអ្នកសារព័ត៌មាន ឈប់ហៅឯកឧត្តម សម រង្ស៊ី ថា« ឯកឧត្តម» បន្តទៀត ព្រោះ សម រង្ស៊ីពេលនេះ មិនបានស្មើនឹងប្រជាជនធម្មតានោះទេ ព្រោះអស់សិទ្ធិឈរឈ្មោះបោះឆ្នោត អស់សិទ្ធិបោះឆ្នោត អស់សិទ្ធិចុះឈ្មោះបោះឆ្នោត ដែលអាចនិយាយជាអនុប្រជាជន គឺអន់ជាងប្រជាជនសាមញ្ញទៀត ៕