រាជធានីភ្នំពេញ៖បុរសម្នាក់បានយកកាំបិតចិតបន្លែចាក់ស្ត្រីម្នាក់ដែលត្រូវជាកូដណ្តឹងរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់មកបុរសនោះក៏បានអារ-កខ្លួនឯងតាមក្រោយតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះមួយកន្លែងនៅផ្លូវលេខ១៩ កែងសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ខាន់ រចនា អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ចំណែកឯជនបង្កជាគូដណ្តឹងមានឈ្មោះ សយ ញក់ អាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។
តាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ដោយសារតែខាងប្រុសខឹងនឹងខាងស្រីជាគូដណ្តឹងសុំផ្តាច់ពាក្យ ទើបផ្ទុះកំហឹងឈានដល់ការប្រព្រឹត្តអំពើហិង្សាបែបនេះតែម្តង។ បច្ចុប្បន្នពួកគាត់ទាំង២កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕