កូរ៉េខាងជើង៖អតីតឯកអគ្គរដ្ឋទូតរងនៃស្ថានទូតប្រទេសកូរ៉េខាងជើងប្រចាំក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសដែលបានផ្ដាច់ខ្លួនចូលជាមួយថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែសីហាលោក ថែ យ៉ុងហូ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងមិនបោះបង់ចោលកម្មវិធីនុយក្លែអ៊ែររបស់ខ្លួននោះទេ។
អតីតឯកអគ្គរដ្ឋទូតរងរូបនេះបាននិយាយក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងកំពុងរង់ចាំមើលរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ខាងមុខនេះដោយជឿថា ថ្នាក់ដឹកនាំទាំង២នេះនឹងបង្កើតគោលនយោបាយថ្មីចំពោះទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។ ទន្ទឹមនោះលោក យ៉ុងហូ បានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងមានបំណងបញ្ចប់ដំណើរការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីឲ្យខ្លួនអាចចាប់ផ្ដើមជជែកជាមួយប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកក្នុងឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរមួយ។
ក្នុងពិធីប្រកាសចូលខ្លួនជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែសីហា រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា លោក យ៉ុងហូ បានគេចខ្លួនជាមួយគ្រួសាររបស់លោកដោយសារស្អប់រដ្ឋាភិបាលកូរ៉េខាងជើងក្រោមការដឹកនាំដោយលោក ជុងអ៊ុន និងដោយសារព្រួយបារម្ភពីអនាគតកូនៗរបស់លោក៕